បរទេស៖ តុលាការកំពូលរបស់ប្រទេសថៃ បានកាត់ទោសអ្នកលេងតន្រ្តីបែប Rock គឺលោក សេក ឡូសូ (ឈ្មោះពិត សេកសាន ស៊ុកភីម៉ៃ) ឱ្យជាប់ពន្ធនាគារ រយៈពេល ២ឆ្នាំ ១២ខែ និង២០ថ្ងៃ ពាក់ព័ន្ធនឹងការប្រឈមមុខ ដាក់គ្នាខ្លាំងជាមួយប៉ូលិសកាលពីឆ្នាំ ២០១៧ ។

យោងតាមវែបសាយ Pataya Mail បានឱ្យដឹងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ថា ករណីនេះកើតចេញពី ឧប្បត្តិហេតុកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នៅពេលដែលប៉ូលិសប៉ុនប៉ង ចាប់ខ្លួនលោក សេក នៅឯផ្ទះរបស់លោក តាមដីកាចេញ ដោយតុលាការ ខេត្ត Nakhon Si Thammarat ជុំវិញការចោទប្រកាន់ពាក់ព័ន្ធ ពីបទបាញ់កាំភ្លើង ទៅលើអាកាស។ លោកសេកបាន តទល់នឹងការចាប់ខ្លួននោះ និងបានគំរាមប្រើអាវុធ ដែលជំរុញឱ្យមានការចូលរួមពីអង្គភាពយុទ្ធសាស្ត្រប៉ូលិសវរជនដើម្បីបង្ក្រាប។
សាលក្រមដំបូង របស់តុលាការឆ្នាំ ២០១៨ បានរកឃើញថា សេក មានពិរុទ្ធភាពលើគ្រប់បទល្មើស ដោយផ្ដន្ទាទោស ឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ១៨ ខែ ពីបទល្មើសផ្សេងៗ រួមមាន កាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត តទល់នឹងនគរបាលដែលមានអាវុធ និង ប្រើប្រាស់គ្រឿងញៀន។ បន្ថែម ១ ឆ្នាំ ៣ ខែពីការផ្តន្ទាទោស ពីមុនត្រូវបានបន្ថែម ដែលនាំឱ្យសរុបទៅ ២ ឆ្នាំ ២១ ខែ។
លោក សេក បានប្តឹងឧទ្ធរណ៍ ហើយនៅឆ្នាំ ២០២០ សាលាឧទ្ធរណ៍បានកាត់បន្ថយទោសពាក់ព័ន្ធនឹងអាវុធបានបន្តិច ដែលជាលទ្ធផលដាក់ទោសរួមបញ្ចូលគ្នា ២ ឆ្នាំ ១៨ ខែ។ ពេលនេះ តុលាការកំពូលបានចេញសាលដីកាស្ថាពរ ដោយកែសម្រួលទោសដាក់ពន្ធនាគារ ២ឆ្នាំ ១២ខែ និង២០ថ្ងៃ ដោយមិនមានការព្យួរទោសឡើយ។
លោក សេក ឡូសូ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំក្នុងអំឡុង ពេលដំណើរការបណ្តឹង ឧទ្ធរណ៍ដោយកំណត់ប្រាក់ធានាចំនួន ៦០ ម៉ឺនបាត។ តាមការសម្រេច កាលពីថ្ងៃអង្គារ គាត់ត្រូវបានចាប់ខ្លួនទៅឃុំខ្លួន និងផ្ទេរទៅពន្ធនាគារ Min Buri Remand ដើម្បីចាប់ផ្តើមកាត់ទោស។
តុលាការបានច្រាន ចោលការអះអាងរបស់លោក សេក ដែលថា លោកមានបញ្ហាផ្លូវចិត្តដោយសារភាពខូចសណ្ដាប់ធ្នាប់ នៃស្មារតី ដោយតុលាការបញ្ជាក់ថា លោកបានដឹងច្បាស់ពីទង្វើ របស់លោកនៅពេលប្រព្រឹត្តបទល្មើស៕
ប្រែសម្រួលៈ ណៃ តុលា
