ចិន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាជ្ញាធរចិនបានបើកការស៊ើបអង្កេតមួយ បន្ទាប់ពីដំបូលប្រក់ក្បឿង ពីប៉មស្គរដែលមានអាយុ ៦៥០ ឆ្នាំបានដួលរលំកាលពីថ្ងៃចន្ទ ដោយអ្នកទេសចរតិចតួច បានប្រមូលផ្តុំគ្នានៅខាងក្រៅជញ្ជាំង ប្រវត្តិសាស្ត្ររបស់វា។
វីដេអូដែលចែកចាយ នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមបានចាប់យកពេលវេលាដ៏គួរឲ្យភ្ញាក់ផ្អើល នៅពេលផ្នែកមួយនៃដំបូល បានបើកដែលបណ្តាលឲ្យក្រឡាក្បឿងរអិលចេញ ក្នុងរយៈពេលប៉ុន្មានវិនាទី។ ពពកធូលីបានហុយឡើងលើអាកាស ខណៈអ្នកទេសចរភ័យខ្លាចបាន ថយចេញពីប៉មយ៉ាងលឿន។
CNN រាយការណ៍ ដោយដកស្រង់សម្តីការិយាល័យវប្បធម៌ និងទេសចរណ៍របស់ស្រុកនេះថា មិនមានអ្នករងរបួស ណាមួយត្រូវបានរាយការណ៍ក្នុងឧបទ្ទវហេតុដែលបានកើតឡើងនៅអគារ Fengyang Drum Tower ក្នុងខេត្ត Anhui របស់ប្រទេសចិន។
CTV News បានរាយការណ៍ថា ការិយាល័យនេះបាននិយាយថា វិធានការឆ្លើយតបបន្ទាន់ត្រូវបានធ្វើឱ្យសកម្មភ្លាមៗ។ អាជ្ញាធរបានបិទទីតាំងនោះ ហើយបង្កើតក្រុមស៊ើបអង្កេត ដើម្បីវាយតម្លៃពីមូលហេតុ ហើយហេតុការណ៍នេះ បានបង្កក្តីបារម្ភតាមប្រព័ន្ធអ៊ីនធើណេត ដោយមានអ្នកលេងអ៊ីនធើណេត ជាច្រើនសម្ដែងការតក់ស្លុត។
អ្នកប្រើ Weibo ម្នាក់បានសរសេរថា វាគួរឲ្យខ្លាចណាស់ ។ ម្នាក់ទៀតបានបន្ថែមថា ប្រសិនបើរឿងនេះកើតឡើង នៅសម័យបុរាណ ក្បាលនឹងវិល។
អគារ Fengyang Drum Tower ត្រូវបានសាងសង់ឡើងដំបូងកាលឆ្នាំ ១៣៧៥ ក្នុងកំឡុងរាជវង្ស Ming អគារ Fengyang Drum Tower មានវេទិកាលើកកម្ពស់ និងរចនាសម្ព័ន្ធខាងលើ។ មូលដ្ឋាននេះត្រូវបានគេកំណត់ថា ជាវត្ថុបុរាណវប្បធម៌ដ៏សំខាន់មួយនៅទីក្រុង Anhui ក្នុងឆ្នាំ ១៩៨៩ ។
អាគារដើមត្រូវបានបំផ្លាញមួយផ្នែក ក្នុងកំឡុងរាជវង្ស Qing កាលឆ្នាំ ១៨៥៣ ហើយក្រោយមកត្រូវបានសាង សង់ឡើងវិញនៅឆ្នាំ១៩៩៥ ។
យោងតាមការិយាល័យនេះបាននិយាយថា ប៉មនេះបានបង្ហាញសញ្ញា នៃការទ្រុឌទ្រោម ដោយដំបូលប្រក់ក្បឿង និងដំបូលមានការខូចខាតតាំងពីឆ្នាំ ២០១៧ មក។ គម្រោងជួសជុលត្រូវបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ ដោយការសាងសង់នឹងចាប់ផ្តើមពីខែកញ្ញា ឆ្នាំ ២០២៣ ដល់ខែមីនា ឆ្នាំ ២០២៤៕
