ថៃ៖ ប្រធាន Miss Grand International (MGI) Nawat Itsaragrisil បាននិយាយថា គ្មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងទាក់ទងនឹងការដកហូតតំណែង ២០២១ របស់បវរកញ្ញាជនជាតិវៀតណាម នាង Nguyen Thuc Thuy Tien បន្ទាប់ពីការចាប់ខ្លួនរបស់នាងជុំវិញករណីក្លែងបន្លំអាហាបំប៉នសុខភាព Gummy ឡើយ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

ទោះជាយ៉ាងណា លោកបានកត់សម្គាល់ថា មកុដអាចនឹងត្រូវដកចេញ ប្រសិនបើនាងប្រឈមនឹងផលវិបាកផ្លូវច្បាប់ធ្ងន់ធ្ងរជាប់ពាក់ព័ន្ធនាងបានផ្សាយពាណិជ្ជកម្មក្លែងក្លាយ Kera Supergreens Gummies ។
យោងតាម Znews បាននិយាយថា ព្រឹត្តិការណ៍សារព័ត៌មានមួយសម្រាប់ Miss & Mister Supranational Thailand 2025 Itsaragrisil បានបញ្ជាក់ថា លោកដឹងពីការចាប់ខ្លួនរបស់នាង Tien កាលពីថ្ងៃទី ១៩ ខែឧសភា បន្ទាប់ពីមានការចោទប្រកាន់ថា នាងបានផ្សាយពាណិជ្ជកម្មក្លែងក្លាយ Kera Supergreens Gummies ថាជាអាហារបំប៉នសុខភាពដែលសម្បូរទៅដោយជាតិសរសៃនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា MGI មិនទាន់បានធ្វើការសម្រេចចិត្តណាមួយទាក់ទងនឹងការដកហូតតំណែងរបស់ខ្លួននោះទេ។ លោកបានបញ្ជាក់ថា ស្ថានការណ៍មានការព្រួយបារម្ភ វានៅតែជារឿងផ្ទាល់ខ្លួនសម្រាប់ Tien ដែលដាច់ដោយឡែកពីស្ថាប័ន MGI ខណៈកិច្ចសន្យារវាង MGI និងនាង Tien បានបញ្ចប់ជាយូរមកហើយ។
លោក Itsaragrisil បានបន្ថែមថា នាងមិនបានទាក់ទងជាមួយយើងអស់រយៈពេលជាយូរមកហើយ ឆ្នាំនេះគឺជាឆ្នាំទី៥ ហើយមនុស្សគ្រប់រូបមានផ្លូវផ្ទាល់ខ្លួន ហើយត្រូវតែទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ។លោកបានអះអាងថា លោកនឹងវាយតម្លៃការវិវឌ្ឍន៍នាពេលអនាគត មុននឹងធ្វើការសម្រេចចិត្តចុងក្រោយណាមួយ។
ការចាប់ខ្លួនរបស់នាង Tien ជាផ្នែកមួយនៃការស៊ើបអង្កេតលើការចោទប្រកាន់ថា នាងបានបញ្ឆោតអ្នកប្រើប្រាស់ដោយការផ្សព្វផ្សាយ Kera Supergreens Gummies ជាអាហារបំប៉នជាតិសរសៃដែលនាងមានទាំងម្ចាស់ និងគាំទ្រ។
កាលខែធ្នូ ឆ្នាំ ២០២៤ នាង Tien បានសហការជាមួយអ្នកមានឥទ្ធិពល Pham Quang Linh និង Nguyen Thi Thai Hang ដើម្បីទីផ្សារផលិតផលនេះ ដោយអះអាងថា វាជាអាហារសម្រន់ដែលមានសុខភាពល្អ និងជាស្ករកៅស៊ូដែលស្មើនឹងបន្លែមួយចាន។ ទោះជាយ៉ាងណាក៏ដោយ អតិថិជនម្នាក់បានធ្វើតេស្តផលិតផល ដោយបង្ហាញថា ជាតិសរសៃមានកម្រិតទាបជាងការផ្សាយពាណិជ្ជកម្ម ដែលនាំឲ្យមានការរិះគន់ជាសាធារណៈ៕
