ព័ត៌មានអន្តរជាតិ

ប្រតិបត្តិការ ល្បែងស៊ីសងឆ្លងដែន ត្រូវបានបង្ក្រាប ក្នុងប្រទេសឡាវ ដោយមនុស្ស ៣១នាក់ ត្រូវចោទប្រកាន់

VOV

វៀតណាម ៖ ក្រសួងសន្តិសុខសាធារណៈ របស់ប្រទេសវៀតណាម បាននិយាយថា ប្រតិបត្តិការរួមគ្នារបស់ប៉ូលីសវៀតណាម និងឡាវបានរុះរើសង្វៀន ល្បែងអនឡាញឆ្លងព្រំដែន ដ៏សំខាន់មួយដែលអាចឲ្យមនុស្សរាប់ពាន់នាក់ ដាក់ភ្នាល់ខុសច្បាប់ដោយមានតម្លៃទឹកប្រាក់ជិត ១.៣ ពាន់ពាន់លានដុង (៥០ លានដុល្លារ) យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

ប៉ូលីសបានឆ្មក់ចូលជាច្រើន កន្លែង ក្នុងរដ្ឋធានីវៀងចន្ទន៍របស់ប្រទេសឡាវ ជាកន្លែងដែលពួកគេបានរកឃើញ ជនជាតិវៀតណាមគ្រប់គ្រង ទីតាំងល្បែងស៊ីសង និងដំណើរការវេទិកាភ្នាល់ តាមអ៊ីនធលណេតដោយប្រើកុំព្យូទ័រ និងទូរស័ព្ទ។

យោងតាមប៉ូលីស បាននិយាយថា ទីតាំងនេះត្រូវបានគេចោទថា ដឹកនាំដោយលោក Mai Anh Viet អាយុ ៤៤ ឆ្នាំ ជាអ្នកក្រុងហាណូយ សហការជាមួយនឹងលោក Nguyen Huu Son អាយុ ៤១ ឆ្នាំមកពីទីក្រុងហូជីមិញ។ អ្នកទាំង២នាក់បានរៀបចំប្រើប្រាស់ គេហទំព័រល្បែងស៊ីសង និងសេវាកម្មពាក់ព័ន្ធ ដែលរៀបចំដោយបរទេស ដើម្បីដំណើរការគម្រោងនេះ។

វៀតត្រូវបានចោទប្រកាន់ ពីបទជ្រើសរើសជនរួមជាតិវៀតណាម ឲ្យធ្វើដំណើរទៅប្រទេសឡាវ និងចាត់ឲ្យសាច់ញាតិជិតស្និទ្ធបើកកន្លែងលេងល្បែងវិលជុំ។ អ្នកផ្សេងទៀតត្រូវបានជួល នៅប្រទេសវៀតណាម ដើម្បីផ្សព្វផ្សាយ និងផ្សាយបន្តផ្ទាល់វេទិកាភ្នាល់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ប៉ូលីសបាននិយាយកាលពីសប្តាហ៍មុនថា ពួកគេបានរឹបអូសទូរស័ព្ទដៃចំនួន ៣៥ គ្រឿង កុំព្យូទ័រលើតុចំនួន ១២ គ្រឿង និងកុំព្យូទ័រយួរដៃចំនួន ២៥ គ្រឿងក្នុងអំឡុងពេលវាយឆ្មក់នៅប្រទេសឡាវ។ កាលពីថ្ងៃទី ១៩ ឧសភា អាជ្ញាធរឡាវបានប្រគល់ជនសង្ស័យវៀតណាមចំនួន ២៩ នាក់ រួមនឹងឧបករណ៍ និងឯកសាររឹបអូសបានទាំងអស់ ទៅប៉ូលិសវៀតណាម។

ក្រោយមកការស៊ើបអង្កេត បានពង្រីកនៅទូទាំងប្រទេសវៀតណាម ដោយប៉ូលិសបានស្វែងរកទ្រព្យសម្បត្តិ និងបានកោះហៅជនសង្ស័យ ១០ នាក់ដែលជាប់ពាក់ព័ន្ធនឹង ប្រតិបត្តិការនេះ។ មន្ត្រីបានរឹបអូស បានទូរស័ព្ទបន្ថែម កុំព្យូទ័រ និងឧបករណ៍ផ្សាយបន្តផ្ទាល់ ដែលគេជឿថាត្រូវបានគេប្រើ ដើម្បីផ្សព្វផ្សាយសេវាល្បែងស៊ីសង ។

ក្រុមអ្នកស៊ើបអង្កេត បាននិយាយថា ទីតាំងបានតាមដានការឈ្នះ និងការបាត់បង់ប្រចាំសប្តាហ៍របស់អ្នកលេង ទូទាត់ប្រាក់ជាមួយអ្នកផ្តល់ ល្បែងនៅក្រៅប្រទេស ផ្តល់ប្រាក់ខែដល់បុគ្គលិក និងបែងចែកប្រាក់ចំណេញខុសច្បាប់ក្នុងចំណោមសមាជិក។ រហូតមកដល់ពេលនេះ បុគ្គលចំនួន ៣១នាក់ ត្រូវបានចោទ ប្រកាន់ ក្នុងនោះមាន ២៧ នាក់ ពីបទរៀបចំល្បែងស៊ីសង និង ៤នាក់ទៀតលេងល្បែងស៊ីសង ហើយការស៊ើបអង្កេតកំពុងបន្ត៕

Most Popular

To Top