បារាំង ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តុលាការបារាំងកាលពីថ្ងៃពុធ បានផ្តល់ការផ្តន្ទាទោស ដាក់ពន្ធនាគារអតិបរមា ២០ ឆ្នាំលើលោកគ្រូពេទ្យវះកាត់ម្នាក់ ដែលបានសារភាពថា បានបំពានផ្លូវភេទអ្នកជំងឺ រាប់រយនាក់ ដែលភាគច្រើនជាកុមារ ប៉ុន្តែជនរងគ្រោះខ្លះស្រក់ទឹកភ្នែក បានសម្តែងការខកចិត្ត ចំពោះសាលក្រមនេះ ។
ការកាត់ក្តីរយៈពេល ៣ ខែលើលោក Joel Le Scouarnec អាយុ ៧៤ ឆ្នាំបានបង្ហាញពីទំហំនៃឧក្រិដ្ឋកម្មរបស់លោក និងការរងទុក្ខវេទនារបស់ជនរងគ្រោះ ប៉ុន្តែក៏បានលើកឡើងនូវសំណួរ អំពីមូលហេតុដែលមិន ត្រូវបានធ្វើឆាប់ៗដើម្បីបញ្ឈប់លោក។
លោក Le Scouarnec ជាអ្នកប្រមឹកផ្លូវភេទ ដែលត្រូវបានកាត់ទោសច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសបារាំង បានជាប់ពន្ធនាគាររួចហើយ បន្ទាប់ពីត្រូវបានកាត់ទោស កាលឆ្នាំ ២០២០ ដល់១៥ ឆ្នាំពីបទរំលោភ និងរំលោភផ្លូវភេទកុមារ ៤ នាក់រួមទាំងក្មួយស្រី របស់លោកចំនួន ២ នាក់។
ការកាត់ទោសរយៈពេល ២០ ឆ្នាំដែលកាត់ដោយប្រធាន ចៅក្រម Aude Buresi គឺជាអតិបរមាអាចត្រូវ បានផ្តល់ឲ្យលើការចោទប្រកាន់ ពីបទរំលោភសេពសន្ថវៈធ្ងន់ធ្ងរនៅប្រទេសបារាំង ដែលការកាត់ទោសមិនត្រូវបានបូកបញ្ចូលគ្នាលើចំនួនបុគ្គល។ លោក Le Scouarnec នឹងមិនអាចសុំឲ្យមានការលើកលែងទោសបានទេរហូត ដល់ពីរភាគបីនៃការកាត់ទោសគាត់ត្រូវបានអនុវត្ត។
ប៉ុន្តែតុលាការនៅទីក្រុង Vannes នៅតំបន់ភាគខាងលិច នៃទីក្រុង Brittany បានច្រានចោលការទាមទារដ៏កម្រមួយពីព្រះរាជអាជ្ញាថា លោកគួរតែត្រូវបានឃុំខ្លួន ក្នុងមជ្ឈមណ្ឌលមួយសម្រាប់ការព្យាបាល និងការត្រួតពិនិត្យ ទោះបីជាបន្ទាប់ពីការដោះលែងក៏ដោយ។
តុលាការបានលើកឡើងពីអាយុរបស់លោក និងបំណងចង់ធ្វើការកែប្រែ។ ដោយពាក់អាវខ្មៅ លោក Le Scouarnec បានស្តាប់សាលក្រមដោយមិនញញើតឡើយ។
យោងតាមប្រភពពីរបានឲ្យដឹងថា សម្រែក នៃភាពអាម៉ាស់ លើប្រព័ន្ធយុត្តិធម៌ បានបន្លឺឡើងក្នុងបន្ទប់ដាច់ ដោយឡែកមួយដែលជនរងគ្រោះបានមើល ដំណើរការលើអេក្រង់វីដេអូ។
“អន់ចិត្តអី!” ជនរងគ្រោះម្នាក់ឈ្មោះ Manon Lemoine បាននិយាយ នៅខាងក្រៅតុលាការដោយទប់ទឹកភ្នែកមិនបាន។ អ្នករស់រានមានជីវិតខ្លះ នៃការរំលោភបំពានរបស់គ្រូពេទ្យវះកាត់ ចូលនិវត្តន៍បានចែករំលែកការ ឱបក្រសោបទឹកភ្នែក។ ជនរងគ្រោះម្នាក់ទៀតឈ្មោះ Amelie Leveque បាននិយាយថា នាងមានអារម្មណ៍ថា អាម៉ាស់មុខចំពោះសាលក្រមនេះ ។
អ្នកតស៊ូមតិសិទ្ធិកុមារនិយាយថា ករណីនេះបង្ហាញពីការបរាជ័យ ជាប្រព័ន្ធដែលអនុញ្ញាតឲ្យ Le Scouarnec ប្រព្រឹត្តឧក្រិដ្ឋកម្មផ្លូវភេទម្តងហើយម្តងទៀត៕
