ព័ត៌មានអន្តរជាតិ

ទីក្រុងប៉ារីសដាក់ពង្រាយកងកម្លាំង ៥,៤០០ នាក់នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League រវាងក្រុម Paris Saint-Germain និងក្រុម Inter Milan

afp

ប៉ារីស៖ មេប៉ូលិស Laurent Nunez បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងប៉ារីសនឹងដាក់ពង្រាយប៉ូលីសចំនួន ៥,៤០០ នាក់សម្រាប់ការពារក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ UEFA Champions League វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសៅរ៍នេះ ជាការប្រកួតរវាងក្រុម Paris Saint-Germain និងក្រុម Inter Milan ។

ទោះបីជាការប្រកួតនឹងធ្វើឡើងនៅទីក្រុង Munich ប៉ុន្តែការទទួលជ័យជម្នះរបស់ PSG ត្រូវបានគេរំពឹងថានឹងបង្កឲ្យមានការប្រារព្ធពិធីនៅទីក្រុងកំណើតរបស់ក្លឹបដែលអាចបង្កើនការរំខាន។

លោក Nunez បានបន្តថា ដោយមើលឃើញពីហេតុការណ៍នៅទីក្រុង Liverpool កាលពីដើមសប្តាហ៍នេះ ដែលរថយន្តមួយគ្រឿងបានបុកអ្នកគាំទ្របាល់ទាត់ ចរាចរណ៍ជុំវិញ Arc de Triomphe ជាកន្លែងសម្គាល់ដ៏ល្បីបំផុតរបស់ទីក្រុង នឹងត្រូវបិទចាប់ពីពាក់កណ្តាលថ្ងៃសៅរិ៍ ដោយមហាវិថី Champs-Élysées និងផ្លូវនៅក្បែរនោះក៏បានបិទនៅល្ងាចនោះ។

ជ័យជម្នះរបស់ PSG លើក្រុម Arsenal កាលពីដើមខែនេះ ដែលបានធានាកៅអីរបស់ពួកគេក្នុងវគ្គផ្តាច់ព្រ័ត្រ បានបង្កឲ្យមានភាពចលាចលមួយយប់ក្នុងទីក្រុងប៉ារីស ដោយមនុស្សចំនួន ៤៧ នាក់ត្រូវបានចាប់ខ្លួន និង៣ នាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពីត្រូវបានរថយន្តបុក។

លោក Nunez បានបញ្ជាក់ថា ចាប់ពីម៉ោង ៦ ល្ងាចថ្ងៃសៅរ៍នេះ វានឹងមិនមានចរាចរណ៍ទៀតទេនៅលើ Champs-Elysées និងនៅតាមដងផ្លូវកាត់កែង។ លោកបានបន្ថែមថា”បុគ្គលដែលមកតែម្នាក់ឯង ដើម្បីប្រព្រឹត្តអំពើបំផ្លិចបំផ្លាញ និងប្លន់អាជីវកម្ម នោះជាគំរូដែលយើងកំពុងធ្វើការយ៉ាងជាក់ស្តែងដើម្បីបញ្ចប់ជាប្រព័ន្ធ។ នោះក៏នឹងកើតមាននៅល្ងាចថ្ងៃសៅរ៍ផងដែរ៕

Most Popular

To Top