វៀតណាម ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសបានចាប់ខ្លួនក្រុមក្មេង ទំនើងដែលមានសមាជិកចំនួន ១៤ នាក់កំពុងប្រតិបត្តិការខុសច្បាប់ នៅទីក្រុងហាណូយ និងខេត្ត Ninh Binh ដែលចោទប្រកាន់ថា ពួកគេបានលាងលុយកខ្វក់ចំនួន ១ ពាន់ពាន់លានដុង (៣៩ លានដុល្លារអាមេរិក) ដោយប្រើបច្ចេកវិទ្យា AI ដើម្បីគេចពីវិធានការ សុវត្ថិភាពជីវមាត្រនៅធនាគារ ។
យោងតាមការចេញផ្សាយ របស់ប៉ូលីស Ninh Binh បានឲ្យដឹងថា មនុស្ស ១៣ នាក់ដែលដឹកនាំដោយ Pham Hong Chuyen អាយុ ៤៦ ឆ្នាំមកពីទីក្រុងហាណូយ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត សម្រាប់ការរៀបចំល្បែងស៊ីសងខុសច្បាប់។ ពួកគេ ៧ នាក់ក៏កំពុងត្រូវបានស៊ើបអង្កេតផងដែរ ពីបទលាងលុយ។
ប៉ូលីសបាននិយាយថា នេះជាករណីដំបូង ត្រូវបានកត់ត្រាក្នុងប្រទេស វៀតណាម ដែលប្រើប្រព័ន្ធបច្ចេកវិទ្យា AI ត្រូវបានប្រើដើម្បីបង្កើតស្កែនមុខ ក្លែងក្លាយសម្រាប់គោលបំណងលាងលុយ ។ លោក Chuyen បានប្រាប់ប៉ូលីសថា លោកត្រូវបានជួលដោយជនជាតិតៃវ៉ាន់ម្នាក់ ឲ្យជួយលាងលុយប្រមូលបានពីគេហទំព័រលេងល្បែងស៊ីសង ដែលដំណើរ ការអស់ជាច្រើនឆ្នាំមកហើយ។
គេហទំព័រដែលកំណត់គោលដៅអ្នកលេង មកពីប្រទេសវៀតណាមបានបើកគណនី អ្នកលេងជាងមួយលាននាក់ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ហើយប្រមូលបាន ១ ពាន់ពាន់លានដុងពីពួក គេសម្រាប់ការលេងល្បែង ។
ដើម្បីធ្វើឲ្យសាច់ប្រាក់ មានភាពស្របច្បាប់ លោក Chuyen បានជួលអ្នកស្រុកឲ្យបើកគណនីធនាគារក្រោមឈ្មោះរបស់ពួកគេ។ ពួកគេត្រូវបានគេតម្រូវ ឲ្យដាក់វីដេអូរយៈពេល ៣០ វិនាទីនៃមុខរបស់ពួកគេ ដែលក្រោយមកគាត់បានប្រើដើម្បីបង្កើតកំណែ AI ។
នៅប្រទេសវៀតណាម ប្រតិបត្តិការធនាគារដែលមានតម្លៃ ១០ លានដុង ឬច្រើនជាងនេះ តម្រូវឲ្យអ្នកផ្ញើស្កេនមុខជាមួយកាមេរ៉ាស្មាតហ្វូន។ ការស្កែនមុខ AI លោក Chuyen បានបង្កើត បានធ្វើឲ្យក្រុមរបស់លោកអាចដំណើរការគណនីធនាគារជាច្រើនដោយគ្មានចំណេះដឹងរបស់ម្ចាស់ ហើយប្រើពួកវាដើម្បីផ្ទេរប្រាក់ ខុសច្បាប់ទៅកាន់គណនីផ្សេងៗដើម្បីលាក់ប្រភព។
ប៉ូលីសបានបង្កកគណនីធនាគារចំនួន ១,០០០ ដែលសង្ស័យថា មានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ។ ក្រុមរបស់ Chuyen ត្រូវបានគេចោទថា បោកគក់អស់ជាង ១ ពាន់ពាន់លានដុងក្នុងចន្លោះខែកញ្ញាឆ្នាំមុន និងខែមេសាឆ្នាំនេះ៕
