ព័ត៌មានអន្តរជាតិ

សមាជិកសភារុស្សី ប្រកាសហាមប្រាមទាំងស្រុង លើការផ្សាយពាណិជ្ជកម្ម សុខភាពពីបារីអេឡិចត្រូនិច

នេះបើតាមលោក Vyacheslav Volodin ប្រធានរដ្ឋ Duma របស់រុស្ស៊ី បាននិយាយថា សមាជិកសភារុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រដល់ការហាមប្រាមលើការលក់បារីអេឡិចត្រូនិច “Vape”  ដោយលោកបានចង្អុលបង្ហាញពីហានិភ័យសុខភាពជាក់ស្តែងទាក់ទងនឹងការជក់បារី ដោយសង្កត់ធ្ងន់ថា មានតែវិធានការតឹងរ៉ឹងប៉ុណ្ណោះដែលអាចការពារអនីតិជនពីជាតិពុលរាវនេះ យោងតាមការចេញផ្សាយពីគេហទំព័រ RT។

កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Anton Alikhanov បានអំពាវនាវឲ្យហាមឃាត់ការលក់ បារីអេឡិចត្រូនិច “Vape” ដោយលើកហេតុផលថា ការកំណត់អាយុបច្ចុប្បន្នមិនតែងតែមានប្រសិទ្ធភាពឡើយ ។ លោកបានបន្ថែមថា បញ្ហានេះទាក់ទងលោកផ្ទាល់ក្នុងនាមជាឪពុកមានកូនមួយចំនួន ហើយបានកត់សម្គាល់ថា លោកដឹងច្បាស់ថា អ្នកលក់បារីអេឡិចត្រូនិចផ្តោតលើអនីតិជន។

នៅថ្ងៃបន្ទាប់ លោក Volodin បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ ហើយបានផ្តល់សញ្ញាថា សភារំពឹងថានឹងមានគំនិតផ្តួចផ្តើមនីតិប្បញ្ញត្តិដែលត្រូវគ្នាពីរដ្ឋាភិបាល ដោយបន្ថែមថាសមាជិកសភានឹងគាំទ្រ ហើយនឹងចាត់ទុកសេចក្តីព្រាងច្បាប់នេះជាអាទិភាព។

លោក Volodin កត់សម្គាល់ថា គ្រោះថ្នាក់សុខភាពនៃការប្រើបារី គឺហួសពីការសង្ស័យ ហើយសារធាតុរាវបារីអេឡិចត្រូនិចមានផ្ទុកនូវលោហធាតុធ្ងន់ និងសារធាតុពុល លោកបានរំលឹកថា ច្បាប់មុននេះដែលហាមប្រាមការលក់បារីអេឡិចត្រូនិច ដល់អនីតិជន មិនបានផ្តល់នូវលទ្ធផលដែលចង់បាននោះទេ។

លោកបានបញ្ជាក់ថា ទោះបីជាស្ថិតនៅក្រោមការគំរាមកំហែងនៃការពិន័យក៏ដោយ អ្នកលក់មិនស្មោះត្រង់នៅតែបន្តផ្តល់ថ្នាំពុលរាវនេះដល់ក្មេងជំទង់។ មានតែការហាមប្រាមទាំងស្រុង និងការដកសារធាតុបារីអេឡិចត្រូនិចចេញពីធ្នើហាងប៉ុណ្ណោះ នឹងជួយការពារកុមារពីផលប៉ះពាល់ដ៏គ្រោះថ្នាក់របស់ពួកគេ។

នៅខែមេសា ឆ្នាំ ២០២៣ ប្រទេសរុស្ស៊ីបានអនុម័តច្បាប់ហាមឃាត់ការលក់បារីអេឡិចត្រូនិចដល់អនីតិជន រួមទាំងផលិតផលដែលគ្មានជាតិនីកូទីនផងដែរ។ ការពិន័យរួមមានការផាកពិន័យធ្ងន់ ឬការងារកែតម្រូវ។ នៅឆ្នាំ ២០២៤ ពន្ធលើវត្ថុរាវជាតិនីកូទីនត្រូវបានកើនឡើងទ្វេដង ជាវិធានការមួយដែលក្រសួងហិរញ្ញវត្ថុបានពិពណ៌នាថា ជាការហាមឃាត់៕

Most Popular

To Top