ម៉ាឡេស៊ី៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសម៉ាឡេស៊ីទទួលបានភ្ញៀវទេចរជនបរទេសចំនួន ១០.១ លាននាក់នៅត្រីមាសទីមួយនៃឆ្នាំនេះ ដែលធ្វើឲ្យប្រទេសនេះបានក្លាយជាប្រទេសដែលមានអ្នកទស្សនាច្រើនបំផុតនៅអាស៊ីអាគ្នេយ៍ ដោយសារគោលនយោបាយបន្ធូរបន្ថយទិដ្ឋាការរបស់ខ្លួន។
យោងតាមទិន្នន័យផ្លូវការបានឲ្យដឹងថា ប្រទេសថៃដែលគ្រងតំណែងជើងឯកអស់រយៈពេលជាច្រើនឆ្នាំមកនេះ ជាប់ចំណាត់ថ្នាក់លេខ ២វិញ ដោយមានភ្ញៀវទេចរជនបរទេសត្រឹម ៩.៥៥ លាននាក់ តាមពីក្រោយដោយវៀតណាម (៦លាន) និងសិង្ហបុរី (៤.៣១ លាននាក់) ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Datuk Seri Saifuddin Nasution Ismail បាននិយាយថា កាលពីពេលថ្មីៗនេះ ប្រទេសម៉ាឡេស៊ីបានប្រកាសពន្យារពេលការលើកលែងទិដ្ឋាការសម្រាប់អ្នកដំណើរចិនសម្រាប់រយៈពេល ៥ ឆ្នាំទៀត ជាមួយនឹងជម្រើសក្នុងការបន្តរយៈពេល ៥ ឆ្នាំបន្ថែមទៀតរហូតដល់ឆ្នាំ ២០៣៦។ប្រទេនេះក៏បានពង្រីកការចូលដោយគ្មានទិដ្ឋាការសម្រាប់ភ្ញៀវទេសចរឥណ្ឌារហូតដល់ឆ្នាំ ២០២៦ ។
ទន្ទឹមនឹងនេះ ប្រទេសថៃបានរងគ្រោះដោយវិបត្តិទេសចរណ៍ ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព ជាពិសេសបន្ទាប់ពីការចាប់ពង្រត់តារាសម្ដែងចិន Xing Xing កាលពីខែមករា ហើយចំនួនភ្ញៀវបរទេសបានធ្លាក់ចុះ៕
