ព័ត៌មានអន្តរជាតិ

អ្នកទេសចរ ជនជាតិឥណ្ឌា ត្រូវសត្វខ្លាវាយប្រហារ នៅប្រទេសថៃ ខណៈលោកព្យាយាម ថតរូប Selfie ជាមួយវា

VN Express

ថៃ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកទេសចរឥណ្ឌាម្នាក់ត្រូវបានសត្វខ្លាវាយប្រហារនៅកន្លែងទេសចរណ៍ថៃ ខណៈនៅពេលដែលលោកព្យាយាម ថតរូប Selfie ជាមួយសត្វនោះ សកម្មភាព បានបញ្ឆេះការជជែកវែកញែកថ្មីៗ ជុំវិញក្រមសីលធម៌ នៃទេសចរណ៍សត្វព្រៃ ។

ហេតុការណ៍នេះ ត្រូវបានចែករម្លែកដោយ Sidharth Shukla នៅលើបណ្តាញផ្សព្វផ្សាយសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter កាលពីថ្ងៃទី ២៩ ខែឧសភា និងទទួលបានអ្នកចូលមើលជាង ៣.៧ លាននាក់។

ក្នុងវីដេអូ គេឃើញអ្នកទេសចរប្រុសដើរ ជិតខ្លាដែលជាប់ច្រវាក់ ដោយមានគ្រូបង្ហាត់ម្នាក់ឈរក្បែរ។ គាត់លុតជង្គង់ក្បែរសត្វដើម្បីថតរូប Selfie ខណៈពេលដែលអ្នកបង្ហាត់ប្រើដំបង ដើម្បីរក្សាភាពស្ងប់ស្ងាត់របស់ខ្លា ។ រំពេចនោះ ខ្លាក៏ឆេវឆាវទៅលើបុរសនោះ ។

យោងតាមកាសែត The Straits Times បាននិយាយថា ជនរងគ្រោះគ្រាន់តែរងរបួស ស្រាលប៉ុណ្ណោះ។ វីដេអូនេះបានធ្វើឲ្យផ្ទុះការរិះគន់ នៅលើបណ្តាញសង្គម ដោយអ្នកប្រើប្រាស់បាន រិះគន់ការប្រើប្រាស់សត្វព្រៃ ដើម្បីទេសចរណ៍។

មនុស្សម្នាក់បានសរសេរថា កន្លែងទាក់ទាញដែលធ្វើឲ្យថតរូប និងផ្តល់ចំណីដល់សត្វតែងតែបង្កគ្រោះថ្នាក់ដល់មនុស្ស និងសត្វ។ បុគ្គលរូបនេះបានបន្ថែមថា ពួកគេសង្ឃឹមថា ហេតុការណ៍នេះ នឹងលើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តដល់ការអនុវត្ត ទេសចរណ៍សត្វព្រៃប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌បន្ថែមទៀត៕

Most Popular

To Top