កូរ៉េខាងត្បូង ៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ Korea Times បានប្រាប់ឲ្យដឹងថា តុលាការក្នុងតំបន់បានបញ្ជាឲ្យលោក Cho Doo-soon ជាជនល្មើសផ្លូវភេទកុមារ ដែលត្រូវបាន កាត់ទោសឲ្យធ្វើការវាយតម្លៃផ្នែកផ្លូវចិត្តរយៈពេលមួយខែ ដោយលើកឡើង ពីការព្រួយបារម្ភលើ អាកប្បកិរិយាថ្មីៗនេះរបស់លោក ។
នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Newsis កាលពីថ្ងៃពុធថា Ansan branch នៃតុលាការស្រុក Suwon បានចេញដីកាឃុំខ្លួន បន្ទាប់ពីមានការស្នើសុំពី ការិយាល័យស៊ើបអង្កេត Ansan ។ ក្រុមមន្ត្រីបាននិយាយថា លោក Cho បានបង្ហាញអាកប្បកិរិយា មិនប្រក្រតីដោយធានាដល់ការ វាយតម្លៃផ្លូវចិត្តជាផ្លូវការ។ ការសម្រេចរបស់តុលាការនឹងដាក់គាត់នៅវិទ្យាស្ថានវិកលចរិតនៅទីក្រុង Gongju ខេត្ត Gyeonggi ប្រហែលមួយខែ ។
នៅក្រោមច្បាប់របស់កូរ៉េខាងត្បូង ការបង្ខាំងមនុស្សបែបនេះអនុញ្ញាតឲ្យអាជ្ញាធរឃុំខ្លួន បុគ្គលម្នាក់នៅមណ្ឌលសុខភាពក្នុងរយៈពេលកំណត់ ដើម្បីវាយតម្លៃស្ថានភាពផ្លូវចិត្ត ឬរាងកាយរបស់ពួកគេ។ លោក Cho ត្រូវបានកាត់ទោស ពីបទចាប់ពង្រត់ និងរំលោភផ្លូវភេទកុមារីសាលាបឋមសិក្សាម្នាក់ នៅជិតព្រះវិហារមួយនៅទីក្រុង Ansan ខេត្ត Gyeonggi កាលខែធ្នូ ឆ្នាំ ២០០៨ ។
លោកបានទទួលការកាត់ទោសឲ្យជាប់គុក ១២ ឆ្នាំ ហើយត្រូវបានដោះលែងនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២០។ ចាប់តាំងពីពេលនោះមក លោកបានរស់នៅជាមួយប្រពន្ធរបស់លោកនៅស្រុក Danwon នៃខេត្ត Ansan ។
នៅខែធ្នូ ឆ្នាំ ២០២៣ តុលាការបានកាត់ទោស លោកឲ្យជាប់ពន្ធនាគាររយៈពេល ៣ ខែបន្ថែមទៀត សម្រាប់ការចាកចេញពីលំនៅដ្ឋាន របស់លោកដោយគ្មានការអនុញ្ញាត ដោយរំលោភលើការរឹតបន្តឹង ដែលកំណត់ដោយតុលាការ។
លោកត្រូវបានគេរាយការណ៍ថា បានចាកចេញពីផ្ទះរបស់លោកដោយ គ្មានការអនុញ្ញាតម្តងទៀតកាលខែមេសា និងឧសភាឆ្នាំនេះ ប៉ុន្តែបានត្រឡប់មកវិញ បន្ទាប់ពីមានការអន្តរាគមន៍ពីមន្ត្រីសុរិយោដី ដែលបានត្រួតពិនិត្យលោក ៕
