ព័ត៌មានអន្តរជាតិ

ប្រធានអង្គការណាតូ ទាមទារឲ្យរដ្ឋសមាជិក ក្នុងការបង្កើនខ្ទង់ ចំណាយយោធា បន្ថែមទៀតទៅដល់៥ ភាគរយ

បរទេស៖យោងតាមការចេញផ្សាយរបស់ RT អគ្គលេខាធិការអង្គការ NATO លោក Mark Rutte បានប្រកាសថា លោកនឹងស្នើឡើងនូវគោលដៅចំណាយយោធាថ្មី ដែលសរុបចំនួន៥ភាគរយនៃ GDP របស់រដ្ឋសមាជិកនីមួយៗ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៅខែមិថុនា នៅទីក្រុងឡាអេដែលជាការកត់សម្គាល់ដែលមានទំហំកើនឡើងយ៉ាងខ្លាំងពីត្រឹមតែ២ភាគរយប៉ុណ្ណោះនៅពេលបច្ចុប្បន្ន។

ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាមក ប្រធានាធិបតីអាមេរិក Donald Trump បានទាមទារកាន់តែខ្លាំងឡើងដែលសមាជិកអឺរ៉ុបរបស់ប្លុកនេះចំណាយប្រាក់បន្ថែមទៀតលើវិស័យការពារជាតិ។ លោក​បាន​ចោទ​ពួកគេ​ម្តង​ហើយ​ម្តង​ទៀត​ថា​មិន​បាន​ទទួល​បន្ទុក​ដោយ​សមធម៌។

យោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការ NATO សមាជិកចំនួន១០ក្នុងចំណោមសមាជិក៣២របស់ខ្លួនមិនចំណាយបានសូម្បីតែ២ភាគរយនៃ GDP លើវិស័យការពារជាតិទេ ខណៈដែលសហរដ្ឋអាមេរិកនៅតែជាអ្នករួមចំណែកធំបំផុតរបស់ប្លុក។

ថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិណាតូនៅទីក្រុងប្រ៊ុសែលកាលពីថ្ងៃព្រហស្បតិ៍ លោក Rutte បាននិយាយថា ពួកគេបានយល់ព្រមលើការកំណត់គោលដៅសមត្ថភាពថ្មីប្រកបដោយមហិច្ឆតា ដែលរួមមាន ការការពារដែនអាកាស យន្តហោះចម្បាំង រថក្រោះ យន្តហោះគ្មានមនុស្សបើក បុគ្គលិក ភស្តុភារ និងអ្វីៗជាច្រើនទៀតផងដែរ។

គួរឲ្យដឹងដែរថាប្រធានប្លុកយោធាបានប្រកាសថាគាត់ នឹងស្នើផែនការវិនិយោគរួមដែលនឹងសរុប៥ភាគរយនៃផលិតផលក្នុងស្រុកសរុប ដើម្បីផ្តល់ហិរញ្ញប្បទានដល់អាទិភាពដែលបានគ្រោងទុក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top