ព័ត៌មានអន្តរជាតិ

ភោជនីយដ្ឋានវៀតណាមដ៏ពេញនិយមចំនួន ៥ ត្រូវបានដកចេញពីបញ្ជី Michelin Guide 2025

VN Express

វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ភោជនីយដ្ឋានវៀតណាមដ៏ពេញនិយមចំនួន៥ ដូចជាភោជនីយដ្ឋាន Don Duck Old Quarter ភោជនីយដ្ឋាន Pho Hoa Pasteur ភោជនីយដ្ឋាន Dim Tu Tac ភោជនីយដ្ឋាន Xoi Bat និងភោជនីយដ្ឋាន Mon Viet ត្រូវបានដកចេញពី Michelin Guide 2025 ទោះបីជាពួកគេបន្តទាក់ទាញអ្នកទទួលទានអាហារច្រើនក៏ដោយ។

ក្នុងអំឡុងពេលពិធីប្រកាស Michelin Guide ដែលធ្វើឡើងនៅទីក្រុង Da Nang នៅថ្ងៃទី ៥ ខែមិថុនា ឈ្មោះភោជនីយដ្ឋានទាំងនេះបានអវត្តមានពីប្រភេទ Bib Gourmand ទទួលស្គាល់គ្រឹះស្ថានដែលផ្តល់អាហារល្អក្នុងតម្លៃសមរម្យ។

លោក Do Van Kiem មេចុងភៅ និងជាម្ចាស់ហាង Don Duck Old Quarter ក្នុងទីក្រុងហាណូយ បាននិយាយថា លោកមិនបានទទួលការអញ្ជើញចូលរួមក្នុងពិធីនេះទេ ប៉ុន្តែនៅតែធ្វើដំណើរទៅកាន់ទីក្រុង Da Nang ដោយជឿថា អ្នករៀបចំប្រហែលជាបានមើលរំលងលោក។ លោកបានបន្តថា ខ្ញុំមិនគិតថា ភោជនីយដ្ឋានរបស់ខ្ញុំនឹងត្រូវបានលុបចោលទេ។

ភោជនីយដ្ឋាន Don Duck ត្រូវបានបង្ហាញនៅក្នុងបញ្ជី Bib Gourmand  ២ ឆ្នាំជាប់ៗគ្នា។ ក្នុងអំឡុងពេលនោះ លោក Kiem បាននិយាយថា អតិថិជនរបស់លោកបានកើនឡើងជាង ៣០ ភាគរយ ដោយអតិថិជនឈរជាជួរវែងៗជារៀងរាល់ល្ងាចរដូវក្តៅសម្រាប់មុខម្ហូបទារបស់ភោជនីយដ្ឋាន។

មេចុងភៅវ័យ ៤៣ ឆ្នាំរូបនេះបាននិយាយថា លោកមិនដែលធ្វេសប្រហែសលើការរៀបចំអាហារ ឬគុណភាពនៃវត្ថុធាតុដើមនោះទេ។ លោកបានបញ្ជាក់ថា គុណភាពឡើងតែប៉ុណ្ណោះមិនធ្លាក់ចុះ ដោយបន្ថែមថា បុគ្គលិកឥឡូវទទួលបានការបណ្តុះបណ្តាលល្អជាងមុន ហើយអ្នកញ៉ាំអាហារតែងតែត្រូវបានស្នើឲ្យផ្តល់មតិកែលម្អដើម្បីដោះស្រាយរាល់ចំណុចខ្វះខាតភ្លាមៗ។

លោក Kiem ក៏បានចង្អុលបង្ហាញថា ការវាយតម្លៃលើវេទិកាដូចជា Google និង Tripadvisor នៅតែមានភាពវិជ្ជមានលើសលប់។ លោកគ្រោងនឹងត្រឡប់ទៅហាណូយវិញនៅថ្ងៃទី ១០ ខែមិថុនា ដើម្បីវាយតម្លៃឡើងវិញនូវប្រតិបត្តិការទាំងមូលរបស់ភោជនីយដ្ឋានដោយសង្ឃឹមថានឹងទទួលបានតំណែង Michelin ឡើងវិញនៅឆ្នាំក្រោយ៕

Most Popular

To Top