ព័ត៌មានអន្តរជាតិ

ប៉ូលិសវៀតណាម បំបែកទីតាំងផលិតប្រេងម៉ាស៊ីនក្លែងក្លាយ ជាច្រើនប្រភេទលក់នៅលើទីផ្សារនៅទីក្រុងហូជីមិញ

VN Express

ទីក្រុងហូជីមិញ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសនៅទីក្រុងហូជីមិញបានចាប់ខ្លួនបុរសម្នាក់ត្រូវបានចោទប្រកាន់ពីបទផលិតប្រេងម៉ាស៊ីនដែលមានគុណភាពអន់ ឬប្រេងម៉ាស៊ីនក្លែងក្លាយ ជាច្រើនម៉ាកដូចជា ប្រេងម៉ាស៊ីន Castrol ប្រេងម៉ាស៊ីន Motul ប្រេងម៉ាស៊ីន Honda និងប្រេងម៉ាស៊ីន Yamaha សម្រាប់លក់នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច Shopee និង Lazada ។

ប៉ូលិសបានប្រកាសកាលពីថ្ងៃសុក្រថា លោក Nguyen Van Khanh អាយុ ៣២ ឆ្នាំ និងបក្ខពួក ៤ នាក់កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទផលិត និងលក់ទំនិញក្លែងក្លាយ។ មុននេះសមត្ថកិច្ចបានរកឃើញថា ក្រុមរបស់លោក Khanh កំពុងប្រតិបត្តិការទ្រង់ទ្រាយធំផលិតប្រេងម៉ាស៊ីនក្លែងក្លាយ។ លោក Khanh ត្រូវបានចោទប្រកាន់ថា បានដឹកនាំគម្រោងដោយជួលផ្ទះនៅសង្កាត់លេខ១២ ជាកន្លែងដែលលោកបានទិញប្រេងដែលនៅសល់ យកមកលាយ និងវេចខ្ចប់វាឡើងវិញចូលទៅក្នុងដបមានម៉ាកល្បីៗដូចជា Castrol, Motul, Honda, និង Yamaha ។

បន្ទាប់ពីការផ្សាភ្ជាប់ផលិតផលមានស្លាកសញ្ញាក្លែងក្លាយ និងការវេចខ្ចប់ដែលរចនាឡើងស្រដៀងទៅនឹងទំនិញពិត លោក Khanh និងបក្ខពួករបស់លោកបានលក់វាតាមអ៊ីនធើណេតតាមរយៈ Shopee និង Lazada ។ បន្ទាប់ពីការស៊ើបអង្កេត អាជ្ញាធរបានចាប់ខ្លួនក្រុមរបស់លោក Khanh កាលពីថ្ងៃពុធ ខណៈពួកគេកំពុងដឹកជញ្ជូនប្រេងម៉ាស៊ីនក្លែងក្លាយនៅលើផ្លូវ Le Thi Anh ក្នុងសង្កាត់ ១២ ។

ការឆែកឆេរទីតាំងជាច្រើនកន្លែងបានឈានដល់ការរឹបអូសដបប្រេងក្លែងក្លាយជិត ២.០០០ដប ដែលវេចខ្ចប់ជា ៧៣កេស រួមនឹងឧបករណ៍ផលិតស្លាកយីហោក្លែងក្លាយ និងឯកសារពាក់ព័ន្ធ។

ប៉ូលីសបានបង្ហាញថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២៤ ក្រុមនេះបានលក់ផលិតផលប្រេងម៉ាស៊ីនក្លែងក្លាយជាង ២២០, ០០០ ដែលបង្កើតប្រាក់ចំណេញខុសច្បាប់រាប់សិបពាន់លានដុង (១០ ពាន់លានដុង = ៣៨៣,៨២០ ដុល្លារ)៕

Most Popular

To Top