HARRISBURG ៖ ក្រុមហ៊ុនលក់ តាមអនឡាញយក្សអាមេរិក Amazon បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងចំណាយប្រាក់ចំនួន ២០ ពាន់លានដុល្លារលើមជ្ឈមណ្ឌលទិន្នន័យចំនួន ២ នៅរដ្ឋ Pennsylvania រួមទាំងអគារមួយដែលវា កំពុងសាងសង់រួមជាមួយរោងចក្រ ថាមពលនុយក្លេអ៊ែរ ដែលបានទាក់ទាញការ ត្រួតពិនិត្យពីសហព័ន្ធលើការរៀបចំ ដើម្បីដោតចូល ទៅក្នុងរោងចក្រថាមពល។
លោក Kevin Miller អនុប្រធានមជ្ឈមណ្ឌលទិន្នន័យសកល នៅក្រុមហ៊ុនបុត្រសម្ព័ន្ធ cloud computing របស់ Amazon, Amazon Web Services បានប្រាប់ The Associated Press ថា ក្រុមហ៊ុននឹងសាងសង់មជ្ឈមណ្ឌល ទិន្នន័យមួយផ្សេងទៀត នៅភាគខាងជើងនៃទីក្រុង Philadelphia ។ ការប្រកាសនេះបន្ថែមទៅលើ សាច់ប្រាក់រាប់ពាន់លានដុល្លារនៅ មជ្ឈមណ្ឌលទិន្នន័យរបស់ Big Tech ដែលហូរចូលរដ្ឋរួចហើយ។
ចាប់តាំងពីឆ្នាំ ២០២៤ មក Amazon បានប្តេជ្ញាចិត្ត វិនិយោគទឹកប្រាក់ប្រហែល ១០ ពាន់លានដុល្លារសម្រាប់ គម្រោងមជ្ឈមណ្ឌលទិន្នន័យនៅ Mississippi, Indiana, Ohio និង North Carolina ខណៈវាបង្កើនការវិនិយោគរបស់ខ្លួន ក្នុងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន បច្ចេកវិទ្យាយក្សផ្សេងទៀត ក្នុងការបំពេញតម្រូវការ ដែលកំពុងកើនឡើង សម្រាប់ផលិតផលបញ្ញាសិប្បនិម្មិត ។
ការរីកចម្រើនយ៉ាង ឆាប់រហ័ស នៃ cloud computing និង សិប្បនិម្មិតបានជំរុញឲ្យមាន តម្រូវការ សម្រាប់មជ្ឈមណ្ឌល ទិន្នន័យ ត្រូវការថាមពល ដើម្បីដំណើរការម៉ាស៊ីនមេ ប្រព័ន្ធផ្ទុក ឧបករណ៍បណ្តាញ និងប្រព័ន្ធត្រជាក់។
ម្ចាស់រោងចក្រថាមពលនុយក្លេអ៊ែរ Susquehanna ភាគច្រើនគឺ Talen Energy បានប្រកាសកាលពីឆ្នាំមុនថា ខ្លួនបានលក់មជ្ឈមណ្ឌលទិន្នន័យ របស់ខ្លួនទៅឲ្យក្រុមហ៊ុន Amazon ក្នុងតម្លៃ ៦៥០ លានដុល្លារសម្រាប់កិច្ចព្រមព្រៀង មួយដើម្បីផ្តល់ថាមពល ៩៦០ មេហ្គាវ៉ាត់ ។ នោះជា ៤០ភាគរយនៃទិន្នផល នៃរោងចក្រថាមពលនុយក្លេអ៊ែរ ដ៏ធំបំផុត របស់ប្រទេសមួយ ឬគ្រប់គ្រាន់សម្រាប់ផ្តល់ ថាមពលដល់ផ្ទះជាងកន្លះលានខ្នង៕
