ចិន៖ នេះបើយោងតាមការសិក្សាថ្មីមួយបានចេញផ្សាយនៅលើទស្សនាវដ្តីវិទ្យាសាស្ត្រ PLOS One បានប្រាប់ឲ្យដឹងថា ប្រជាជនរបស់ប្រទេសចិននឹងកើតជំងឺវង្វេងអាចកើនឡើងដល់ ១១៥ លាននាក់នៅឆ្នាំ ២០៥០ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express
នេះបើតាមកាសែត South China Morning Post បានរាយការណ៍ពីការស្រាវជ្រាវបានបង្ហាញថា ករណីជំងឺវង្វេងក្នុងប្រទេសចិនបានកើនឡើងពីប្រហែល ៤ លានកាលឆ្នាំ ១៩៩០ ដល់ ១៧ លាននាក់នៅឆ្នាំ២០២១ ។ និន្នាការកើនឡើងនេះត្រូវបានគេរំពឹងថានឹងកើនឡើង ដែលអាចឈានដល់ ១១៥ លាននាក់ក្នុងរយៈពេលបីទសវត្សរ៍ខាងមុខ។
ទោះបីជាការសិក្សាមិនបានបញ្ជាក់ពីហេតុផលច្បាស់លាស់សម្រាប់ការកើនឡើងគួរឲ្យកត់សម្គាល់នេះក៏ដោយ ប៉ុន្តែប្រទេសចិនបានដោះស្រាយជាមួយនឹងចំនួនប្រជាជនដែលមានវ័យចំណាស់យ៉ាងឆាប់រហ័ស ដែលបង្កបញ្ហាប្រឈមសេដ្ឋកិច្ចសង្គមយ៉ាងច្រើន។
លោក Siyu Liu និង Geng Daoying មកពីសាកលវិទ្យាល័យ Fudan ជាសហអ្នកនិពន្ធនៃការសិក្សាបានពន្យល់ថា បន្ទុកនៃជំងឺ Alzheimer និងជំងឺវង្វេងផ្សេងទៀត (ADD) ក្នុងប្រទេសចិន និងទូទាំងពិភពលោកបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ពី ១៩៩០ ដល់ ២០២១ ។ ការសិក្សាដោយប្រើប្រាស់ទិន្នន័យពីមូលដ្ឋានទិន្នន័យបន្ទុកសកលនៃជំងឺក៏បានកត់សម្គាល់ ខណៈករណីជំងឺវង្វេងទូទាំងពិភពលោកបានកើនឡើងទ្វេដងពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០២១ ករណីនៅ ប្រទេសចិនបានកើនឡើង ៣ ដងក្នុងអំឡុងពេលដូចគ្នា។
អ្នកស្រាវជ្រាវបានបង្ហាញពីជំងឺទឹកនោមផ្អែម ភាពធាត់ និងអត្រាការជក់បារីខ្ពស់ជាកត្តាហានិភ័យសំខាន់ៗដែលទំនងជារួមចំណែកដល់ការកើនឡើងនៃករណីជំងឺវង្វេង។ គួរឲ្យកត់សម្គាល់ថា ប្រទេសចិនមានអត្រាជក់បារីខ្ពស់បំផុតមួយនៅទូទាំងពិភពលោក ដោយមានបុរសចិនប្រមាណ ៤៨ ភាគរយ ជាអ្នកជក់បារី។
ការសិក្សាបាននិយាយថា ជំងឺវង្វេងច្រើនតែប៉ះពាល់ដល់បុគ្គលអាយុចន្លោះពី ៨០ ទៅ ៨៤ ឆ្នាំនៅប្រទេសចិន ដោយស្ត្រីងាយរងគ្រោះជាពិសេស៕
