វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Le Van Hai ជាតារា TikTok ដ៏ល្បីល្បាញមួយរូប ដែលមានអ្នកតាមដានចំនួន ២.៦ លាននាក់ ត្រូវបានចាប់ខ្លួនពីបទលក់អាហារក្លែងក្លាយ និងគ្រឿងសម្អាងចំនួន ៨០០,០០០ ប្រអប់។
លោក និងអ្នកសមគំនិតម្នាក់ឈ្មោះ Tran Dai Phuc ត្រូវបានចាប់ខ្លួន នៅថ្ងៃចន្ទនៅខេត្ត Ninh Binh ភាគខាងជើងប្រទេស វៀតណាម ។ លោក Hai ជាម្ចាស់ភាគហ៊ុនក្នុងក្រុមហ៊ុនមួយឈ្មោះថា Hai Be Co. Ltd. ក្នុងនោះ លោក Phuc ជានាយកប្រតិបត្តិ។
អស់រយៈពេល ២ ឆ្នាំ ចុងក្រោយនេះ អ្នកទាំង ២ បានផ្សព្វផ្សាយផលិតផលគ្រឿងសម្អាង និងអាហារជាច្រើន នៅលើបណ្តាញ TikTok របស់ពួកគេគឺ Hai Sen Family ។ ពួកគេរួមមាន Hai Be Syrup ត្រូវបានគេនិយាយថា លើកកម្ពស់ចំណង់អាហាររបស់កុមារ។
ថ្មីៗនេះ ពួកគេបានឆ្មក់ចូលក្រុមហ៊ុន Hai នៅ Ninh Binh ហើយបានរកឃើញផលិតផលគ្រឿងសម្អាង និងអាហាររាប់រយមុខដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ។ ការធ្វើតេស្តបានរកឃើញថា បរិមាណពិតប្រាកដនៃជាតិកាល់ស្យូម និងវីតាមីន A និង C នៅក្នុងស៊ីរ៉ូមានតិចជាង ៧០ ភាគរយនៃអ្វីដែលបានអះអាង។
លោក Hai និងអ្នកសមគំនិតរបស់លោកបានលក់ផលិតផលជាង ៨០០,000 ប្រអប់តាមអនឡាញចាប់តាំងពីឆ្នាំមុន រួមទាំង ១០០,000 ប្រអប់នៃស៊ីរ៉ូផងដែរ។ គណនី TikTok ត្រូវបានចាក់សោ ហើយការស៊ើបអង្កេតរបស់ប៉ូលីសកំពុងបន្ត៕
