ព័ត៌មានអន្តរជាតិ

ប៉ូលីសវៀតណាម ចាប់ខ្លួនមនុស្ស៧នាក់ នៅហូជីមិញ ជាមួយនឹងផលិត ដបទឹកអប់ ម៉ាក Chanel, Bvlgari, YSL ក្លែងក្លាយ

VN Express

ហូជីមិញ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្តីប្រពន្ធមួយគូ និងបក្ខពួក ៥ នាក់រស់នៅក្នុងទីក្រុងហូជីមិញ ត្រូវបានចាប់ខ្លួន ពីបទនាំចូលទឹកអប់ ម៉ាក Chanel, Bvlgari និង YSL ក្លែងក្លាយជាង១០,០០០ដប  ព្រមទាំងដាក់លក់ទឹកអប់ ទំាងនៅលើបណ្តាញសង្គមទៀតផង ។

លោក Lu Hung Phat អាយុ ៣០ ឆ្នាំ និងអ្នកស្រី Tran Thi Bich Lien អាយុ ២៩ ឆ្នាំ នឹងត្រូវបានសួរ ដោយប៉ូលីសទីក្រុង បន្ទាប់ពីត្រូវបានចាប់ខ្លួន កាលពីថ្ងៃសៅរ៍មុនពីបទ ជួញដូរទំនិញក្លែងក្លាយ ការរត់ពន្ធ និងការគេចពន្ធ។ ពួកគេបានឆ្មក់ចូលអាសយដ្ឋាន ចុះបញ្ជីអាជីវកម្ម កន្លែងវេចខ្ចប់ និងឃ្លាំងដែលចុះបញ្ជីឈ្មោះប្តីប្រពន្ធ និងរឹបអូសបានដបទឹកអប់ក្លែងក្លាយជាង ១០,០០០ ដបមានតម្លៃប៉ាន់ស្មាន ១០ ពាន់លានដុង (៣៨២,០០០ ដុល្លារអាមេរិក) ប្រសិនបើវាជារបស់ពិត ។

លោក Phat និងអ្នកស្រី Lien បានសារភាពថា ខ្លួនបានទិញទឹកអប់នេះពីក្រុមរត់ពន្ធ ដែលនាំពួកគេពីប្រទេសចិន ទៅកាន់ប្រទេសវៀតណាម។ ពួកគេបានជួលទីតាំងជាច្រើន ដើម្បីលាក់ទុកទំនិញដោយសម្ងាត់ ហើយជួលមនុស្សប្រាំនាក់ ដើម្បីតម្រៀប និងវេចខ្ចប់ពួកគេ។

យោងតាមសមត្ថកិច្ចថា ក្រុមនេះបានកេងប្រវ័ញ្ច កម្មវិធីទំនាក់ទំនង និងក្រុមអនឡាញ ដើម្បីចែកចាយទំនិញ ក្លែងក្លាយដល់អតិថិជន នៅតាមបណ្តាខេត្ត-ក្រុងជាច្រើន៕

Most Popular

To Top