ហូឡង់៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ប្រទេសហូឡង់បានប្រគល់វត្ថុបុរាណចំនួន ១១៩ ដល់ប្រទេសនីហ្សេរីយ៉ា រួមទាំងរូបមនុស្ស សត្វ បន្ទះក្តារ គ្រឿងគ្រងរាជ និងកណ្តឹងប្រវត្តិសាស្ត្រមួយ ពួកគេត្រូវបានរឹបអូសវត្ថុទំាងនេះពីប្រទេសអាហ្វ្រិកខាងលិចកាលពីជាងមួយសតវត្សមុន។
វត្ថុបុរាណត្រូវបានគេស្គាល់ថា ជាសំរិទ្ធ Benin ត្រូវបានប្រគល់ឲ្យក្នុងអំឡុងពិធីផ្លូវការមួយនៅសារមន្ទីរជាតិក្នុងទីក្រុង Lagos ជាទីក្រុងធំបំផុតរបស់ប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃសៅរ៍។ វត្ថុបុរាណទាំងនោះត្រូវបានរឹបអូសនៅចុងសតវត្សរ៍ទី ១៩ នៅពេលកងកម្លាំងអង់គ្លេសបានវាយលុកចូលព្រះរាជាណាចក្របេនីន ឥឡូវនេះស្ថិតនៅភាគខាងត្បូងប្រទេសនីហ្សេរីយ៉ា បានប្លន់រាជវាំងរបស់ខ្លួន និងបាននិរទេសស្តេច Ovonramwen Nogbaisi ។ អ្នកគ្រប់គ្រងបានព្យាយាមការពារឯករាជ្យភាពនៃព្រះរាជាណាចក្ររបស់គាត់ និងការគ្រប់គ្រងលើពាណិជ្ជកម្មប្រេងដូង កៅស៊ូ និងភ្លុក ចំពេលមានសម្ពាធរបស់អង់គ្លេសកើនឡើង។
រដ្ឋាភិបាលហូឡង់បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការត្រឡប់មកវិញគឺគ្មានលក្ខខណ្ឌ ដោយទទួលស្គាល់ថា វត្ថុទាំងនោះត្រូវបានគេលួចក្នុងអំឡុងពេលការវាយប្រហាររបស់ចក្រភពអង់គ្លេសលើទីក្រុង Benin កាលឆ្នាំ១៨៩៧ ហើយមិនគួរបញ្ចប់ក្នុងប្រទេសហូឡង់ឡើយ ។ រដ្ឋាភិបាលហូឡង់បានបន្តថា ការសងត្រឡប់របស់ហូឡង់គឺជាការប្រគល់វត្ថុបុរាណដ៏ធំបំផុតរបស់បេនីនទៅកាន់ប្រទេសនីហ្សេរីយ៉ារហូតមកដល់បច្ចុប្បន្ន។
ប្រទេសនីហ្សេរីយ៉ាបានបង្កើនការទាមទាររបស់ខ្លួនសម្រាប់ការត្រឡប់មកវិញនៃសំរិទ្ធ Benin នៅឆ្នាំ ២០២២ នៅពេលគណៈកម្មការជាតិសម្រាប់សារមន្ទីរ និងវិមាន (NCMM) បានអំពាវនាវជាផ្លូវការដល់ស្ថាប័នជុំវិញពិភពលោកឲ្យប្រគល់វត្ថុបុរាណដែលបានលួចត្រឡប់មកវិញ។
នៅខែសីហាឆ្នាំនោះ សារមន្ទីរ និងសួន Horniman ក្នុងទីក្រុងឡុងដ៍បានប្រកាសធ្វើមាតុភូមិនិវត្តន៍នៃសំរឹទ្ធបេនីនចំនួន៧២ ពីការប្រមូលរបស់ខ្លួនទៅកាន់ប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្រ្វិក។ ប៉ុន្មានខែក្រោយមក សារមន្ទីរ Rhode Island School of Design Museum បានធ្វើតាម ដោយបានប្រគល់វត្ថុចំនួន៣១ មកវិញ រួមទាំងបំណែកដែលគេស្គាល់ថាជា “ប្រមុខនៃស្តេច” ទៅការប្រមូលជាតិរបស់ប្រទេសនីហ្សេរីយ៉ា៕
