ព័ត៌មានអន្តរជាតិ

CIA របស់អាមេរិក វាយតម្លៃអំពីការខូចខាត ទីតាំង នុយក្លេអ៊ែរអ៊ីរ៉ង់ ក្រោយរងការទម្លាក់គ្រាប់ បែកកាលពីថ្ងៃទី២២មិថុនា

U.S Airforce

បរទេស៖ នាយក CIA លោក John Ratcliffe បាននិយាយថា វានឹងចំណាយពេលច្រើនឆ្នាំសម្រាប់ប្រទេសអ៊ីរ៉ង់ ក្នុងការកសាងកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនឡើងវិញ បន្ទាប់ពីការវាយប្រហារ របស់សហរដ្ឋអាមេរិក លើទីតាំងចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូម។ ការអត្ថាធិប្បាយរបស់នាយក CIA នេះបានកើតឡើង បន្ទាប់ពីរយៈពេលជាច្រើនថ្ងៃ នៃភាពមិនប្រាកដប្រជា អំពីទំហំនៃការខូចខាតសម្ភារៈបរិក្ខារ នៅទីតាំងនុយក្លេអ៊ែរ Natanz, Fordow និង Isfahan ដែលត្រូវបានកំណត់គោលដៅ ដោយគ្រាប់បែកទម្លាក់គ្រាប់បែក របស់អាមេរិកកាលពីថ្ងៃទី២២ ខែមិថុនា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Ratcliffe បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃពុធថា “CIA អាចបញ្ជាក់បានថា ស្ថាប័នស៊ើបការណ៍សម្ងាត់ ដែលអាចជឿទុកចិត្តបានបង្ហាញថា កម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយការវាយប្រហារ តាមគោលដៅនាពេលថ្មីៗនេះ” ។

លោកបានបន្ថែមថា “នេះរួមបញ្ចូលទាំងការស៊ើបការណ៍ សម្ងាត់ថ្មីពីប្រភព/វិធីសាស្រ្ត ដែលគួរឱ្យទុកចិត្តជាប្រវត្តិសាស្ត្រ និងត្រឹមត្រូវ ដែលរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់សំខាន់ៗ ជាច្រើនត្រូវបានបំផ្លាញ ហើយនឹងត្រូវសាងសង់ឡើងវិញ ក្នុងរយៈពេលជាច្រើនឆ្នាំ” ។

ខណៈពេលដែលប្រធានាធិបតីអាមេរិក Donald Trump និងរដ្ឋមន្ត្រីការពារជាតិ Pete Hegseth បានអះអាងថា ការវាយប្រហារនេះ “បំផ្លាញ” សមត្ថភាព របស់អ៊ីរ៉ង់ក្នុងការផលិតអាវុធនុយក្លេអ៊ែរ ប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក ក្រោយមកបានរាយការណ៍ថា ការខូចខាតអាចនឹងគ្រាន់ តែជាការនិយាយបំផ្លើស៕

Most Popular

To Top