វ៉ាស៊ីនតោន៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រដូចការវាយប្រហារ តាមអាកាសកាលពីចុងសប្តាហ៍ របស់យោធាអាមេរិក លើទីតាំង នុយក្លេអ៊ែរសំខាន់ៗ របស់អ៊ីរ៉ង់ ទៅនឹងការទម្លាក់ គ្រាប់បែកបរមាណូ ក្នុងសង្គ្រាម លោកលើកទី ២ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី របស់ប្រទេសជប៉ុន ដោយលើកឡើងថា លទ្ធផលនៅក្នុង ករណីទាំងពីរ គឺជាការបញ្ចប់ជម្លោះ យ៉ាងឆាប់រហ័ស។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន ពេលជួបជាមួយអគ្គលេខាធិការ អង្គការណាតូ លោក Mark Rutte នៅទីក្រុងឡាអេថា “ខ្ញុំមិនចង់ប្រើឧទាហរណ៍នៃទីក្រុងហ៊ីរ៉ូស៊ីម៉ា នោះទេ ខ្ញុំមិនចង់ប្រើឧទាហរណ៍ទីក្រុងហ្គាហ្សាសាគី នោះទេ ប៉ុន្តែវាជារឿងដដែល ។ លោក ដូណាល់ ត្រាំ បានធ្វើការអត្ថាធិប្បាយ ខណៈដែលលោកបានច្រាន ចោលរបាយការណ៍ព័ត៌មាន សម្ងាត់របស់សហរដ្ឋអាមេរិក ដែលលេចធ្លាយ ដែលលើកឡើង នៅក្នុងការវាយតម្លៃដំបូងថា ផលប៉ះពាល់នៃការវាយប្រហារ លើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺមានកម្រិត ។
លោកបានសង្កត់ធ្ងន់ថា ការវាយប្រហារបានបញ្ចប់ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ ដោយថា ប្រទេសទាំងពីរនឹងនៅតែប្រយុទ្ធគ្នា ប្រសិនបើសហរដ្ឋអាមេរិក មិនទម្លាក់គ្រាប់បែក លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ។ ការអត្ថាធិប្បាយរបស់លោក ដែលបង្ហាញ ពីភាពត្រឹមត្រូវ នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជាលើកដំបូងរបស់ពិភព លោកលើប្រជាជនស៊ីវិល បានបង្កឱ្យមានការខឹង សម្បារពីអ្នករស់រានមានជីវិតពីការ ទម្លាក់គ្រាប់បែកលើទីក្រុងទាំងពីររបស់ជប៉ុន ដោយកងកម្លាំង សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៤៥។
លោកស្រី Teruko Yokoyama អាយុ ៨៣ ឆ្នាំ សមាជិកជាន់ខ្ពស់ នៃក្រុម Nihon Hidankyo ដែលជាក្រុមអ្នក រស់រានមានជីវិតពី គ្រាប់បែកបរមាណូឈាន មុខគេរបស់ប្រទេសជប៉ុន ដែលត្រូវបានគេដាក់ឈ្មោះថា ជាអ្នកឈ្នះរង្វាន់ណូបែល សន្តិភាពឆ្នាំ២០២៤ បាននិយាយរិះគន់ថា “ខ្ញុំពិតជាខកចិត្តខ្លាំងណាស់។ អ្វីទាំងអស់ដែលខ្ញុំមានគឺកំហឹង”។
លោក ដូណាល់ ត្រាំ បានលើកឡើងថា ទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបាន “បំផ្លាញចោល” ប៉ុន្តែការវាយតម្លៃ ដែលត្រូវបាន រាយការណ៍ ដោយប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិកថា ការវាយប្រហារនេះបានកំណត់ សមត្ថភាពនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ត្រឹមតែពីរបីខែប៉ុណ្ណោះ ។ ដោយអះអាងថាការស៊ើបការណ៍សម្ងាត់គឺ “មិនអាចសន្និដ្ឋានបានយ៉ាងខ្លាំងនោះ” មេដឹកនាំសហរដ្ឋអាមេរិករូបនេះ បានបញ្ជាក់ថា លោកជឿថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ អាចត្រូវប្រើពេលរាប់ទសវត្សរ៍ ដើម្បីដំណើរការឡើង ហើយលោកមិនគិតថា អ៊ីរ៉ង់ នឹងបន្ដប្រឹងប្រែងចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូម របស់ខ្លួនទៀតនោះឡើយ៕
