អាមេរិក ៖ នេះបើយោងតាមទស្សនាវដ្តី Forbes បានប្រាប់ឲ្យដឹងថា លោក Barron Trump ដែលជាកូនប្រុសពៅរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានគេរាយការណ៍ថា លោកអាចរកបានចំណូលជិត ៤០ លានដុល្លារអាមេរិកពីការបណ្តាក់ទុនរូបិយប័ណ្ណគ្រីបតូរបស់គ្រួសារ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
បទសម្ភាសន៍ខែកញ្ញាឆ្នាំ ២០២៤ លោក Donald Trump បាននិយាយថា កូនប្រុស Barron ដឹងច្រើនអំពីរឿងនេះ ។ ប្រាក់ចំណូលដែលបានធ្វើឲ្យលោក Barron ទទួលបាន ២៥ លានដុល្លារ បន្ទាប់ពីការបង់ពន្ធ បានមកពីក្រុមហ៊ុន World Liberty Financial ជាក្រុមហ៊ុននិមិត្តសញ្ញាឌីជីថល ដែលបានចាប់ផ្តើមដោយគ្រួសារ Trump កាលពីឆ្នាំមុន ។
Forbes បានរាយការណ៍ថា ចាប់តាំងពីការបាញ់បង្ហោះមក លោក Trump ផ្ទាល់ត្រូវបានគេប៉ាន់ប្រមាណថារកបានប្រហែល ១ ពាន់លានដុល្លារ តាមរយៈសកម្មភាព ទាក់ទងនឹងគ្រីបតូ។ កូនប្រុសអាយុ ១៩ ឆ្នាំ របស់លោកហាក់ ដូចជាមានទ្រព្យសម្បត្តិ ច្រើននៅវ័យក្មេងជាងបងប្អូនបង្កើតរបស់លោក។
កូនច្បងរបស់លោក Trump បានកាន់កាប់ភាគហ៊ុនតូចៗ ក្នុងគម្រោងអចលនទ្រព្យ ដូចជាអគារ Trump Tower នៅ Las Vegas និងសណ្ឋាគារ Washington, DC ប៉ុន្តែការបណ្តាក់ទុនទាំងនោះមិនបង្កើតផលត្រឡប់មកវិញ ដែលប្រៀបធៀបទៅនឹងការរីកចម្រើន នៃគ្រីបតូនោះទេ។
នេះបើយោងតាមកាសែត New York Post ថា កាលពីខែមីនា World Liberty បានប្រកាសថា ខ្លួនបានលក់ថូខឹនដែលមានតម្លៃ ៥៥០ លានដុល្លារ។ ការលាតត្រដាងហិរញ្ញវត្ថុនាពេលថ្មីៗនេះ ដែលដាក់ទៅការិយាល័យក្រមសីលធម៌រដ្ឋាភិបាលអាមេរិកបានបង្ហាញថា លោក Trump រកបាន ៥៧ លានដុល្លារពីការលក់ទាំងនោះ។ ឯកសារនេះក៏បានបញ្ជាក់ថា លោក Trump កាន់កាប់ភាគហ៊ុន ៧៥ ភាគរយ ក្នុងក្រុមហ៊ុនឆ័ត្រ DT Marks Defi LLC ដោយនៅសល់ ២៥ភាគរយ ជាកម្មសិទ្ធិរបស់ភាគីទី៣ដែលមិនបានបង្ហាញឲ្យឃើញ៕
