អាមេរិក៖ នេះបើយោងតាមទស្សនាវដ្តី Forbes បានប្រាប់ឲ្យដឹងថា លោក Barron Trump ដែលជាកូនប្រុសពៅរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានគេរាយការណ៍ថា លោកអាចរកបានចំណូលជិត ៤០ លានដុល្លារអាមេរិកពីការបណ្តាក់ទុនរូបិយប័ណ្ណគ្រីបតូរបស់គ្រួសារ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
បទសម្ភាសន៍ខែកញ្ញាឆ្នាំ ២០២៤ លោក Donald Trump បាននិយាយថា កូនប្រុស Barron ដឹងច្រើនអំពីរឿងនេះ ។ ប្រាក់ចំណូលដែលបានធ្វើឲ្យលោក Barron ទទួលបាន ២៥ លានដុល្លារ បន្ទាប់ពីការបង់ពន្ធបានមកពីក្រុមហ៊ុន World Liberty Financial ជាក្រុមហ៊ុននិមិត្តសញ្ញាឌីជីថលដែលបានចាប់ផ្តើមដោយគ្រួសារ Trump កាលពីឆ្នាំមុន។
Forbes បានរាយការណ៍ថា ចាប់តាំងពីការបាញ់បង្ហោះមក លោក Trump ផ្ទាល់ត្រូវបានគេប៉ាន់ប្រមាណថារកបានប្រហែល ១ ពាន់លានដុល្លារតាមរយៈសកម្មភាពទាក់ទងនឹងគ្រីបតូ។ កូនប្រុសអាយុ ១៩ ឆ្នាំរបស់លោកហាក់ដូចជាមានទ្រព្យសម្បត្តិច្រើននៅវ័យក្មេងជាងបងប្អូនបង្កើតរបស់លោក។
កូនច្បងរបស់លោក Trump បានកាន់កាប់ភាគហ៊ុនតូចៗក្នុងគម្រោងអចលនទ្រព្យ ដូចជាអគារ Trump Tower នៅ Las Vegas និងសណ្ឋាគារ Washington, DC ប៉ុន្តែការបណ្តាក់ទុនទាំងនោះមិនបង្កើតផលត្រឡប់មកវិញដែលប្រៀបធៀបទៅនឹងការរីកចម្រើននៃគ្រីបតូនោះទេ។
នេះបើយោងតាមកាសែត New York Post ថា កាលពីខែមីនា World Liberty បានប្រកាសថា ខ្លួនបានលក់ថូខឹនដែលមានតម្លៃ ៥៥០ លានដុល្លារ។ ការលាតត្រដាងហិរញ្ញវត្ថុនាពេលថ្មីៗនេះ ដែលដាក់ទៅការិយាល័យក្រមសីលធម៌រដ្ឋាភិបាលអាមេរិកបានបង្ហាញថា លោក Trump រកបាន ៥៧ លានដុល្លារពីការលក់ទាំងនោះ។ ឯកសារនេះក៏បានបញ្ជាក់ថា លោក Trump កាន់កាប់ភាគហ៊ុន ៧៥ ភាគរយ ក្នុងក្រុមហ៊ុនឆ័ត្រ DT Marks Defi LLC ដោយនៅសល់ ២៥ភាគរយ ជាកម្មសិទ្ធិរបស់ភាគីទី៣ដែលមិនបានបង្ហាញឲ្យឃើញ៕
