វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោកស្រី Dang Thi Phuong ជា នាយកផលិតកម្មអាហារ និងនាំចូល-នាំចេញ Nhat Minh ត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ថា បានបង្វែរប្រេងរាប់ម៉ឺនតោន សម្រាប់ចំណីសត្វទៅជាប្រេងចម្អិន អាហារសម្រាប់មនុស្សធ្វើឲ្យប៉ះពាល់ដល់ សុខភាពអ្នកទទួលទាន ។
លោក Nguyen Quoc Toan អ្នកនាំពាក្យក្រសួងសន្តិសុខសាធារណៈ បានប្រកាសពីការចាប់ខ្លួនរបស់លោកស្រីកាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា លោកស្រីប្រឈមមុខនឹង ការចោទប្រកាន់ពីការផលិត និងជួញដូរទំនិញក្លែងក្លាយ ដែលជាផ្នែកនៃប្រតិបត្តិការរត់ពន្ធទ្រង់ទ្រាយធំ និងប្រេងចម្អិនអាហារក្លែងក្លាយ ។
ជនសង្ស័យ ២ នាក់ទៀត៖ លោក Nguyen Trong Nang ប្រតិបត្តិករក្រុមហ៊ុន Minh Phu Food Import-Export JSC និងក្រុមហ៊ុន An Duong Production and Trading និងលោក Do Thi Ngoc Mai តំណាងក្រុមហ៊ុន An Hung Phuoc Import-Export Trading និងក្រុមហ៊ុន Phuoc Thanh Agricultural Import-Export Company ក៏ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធផងដែរ។
លោក Toan បាននិយាយថា នេះគឺជាការផលិត និងពាណិជ្ជកម្មដ៏ធំនៃប្រេងបន្លែក្លែងក្លាយ ជាមួយនឹងផលវិបាកសុខភាព មិនទាន់អាចវាយតម្លៃបានពេញលេញនៅឡើយ។
អ្នកស៊ើបអង្កេតបានរកឃើញថា Nhat Minh Food បាននាំចូលប្រេងបន្លែឆៅ ដែលមានបំណងសម្រាប់ចំណីសត្វ បន្ទាប់មកបានក្លែងបន្លំស្លាក ដើម្បីលក់វាជាប្រេងចម្អិនអាហារម៉ាក OFOOD ។ រាប់ម៉ឺនតោនត្រូវបានចែកចាយទៅកាន់ផ្ទះបាយឧស្សាហកម្ម ភោជនីយដ្ឋាន និងភូមិកែច្នៃម្ហូបអាហារបែបប្រពៃណីទូទាំងប្រទេស ។
កាលពីថ្ងៃទី ២៥ ខែមិថុនា នាយកដ្ឋានសុវត្ថិភាពចំណីអាហារបានព្រមានថា ប្រេងក្លែងក្លាយបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។ ប្រេងចំណីសត្វជាប្រេងឆៅ ច្របាច់ចេញពីសណ្តែកដី ឬសណ្តែកសៀង ដែលមិនទាន់បានឆ្លងកាត់ការចម្រាញ់ពេញលេញ។ វាអាចផ្ទុកនូវសារធាតុ មិនបរិសុទ្ធ និងជាតិពុលមិនមានសុវត្ថិភាពសម្រាប់មនុស្ស ដែលនាំឲ្យពុល ខូចថ្លើម និងតម្រងនោម ការប្រមូលផ្តុំជាតិពុល ក្នុងរាងកាយ និងហានិភ័យខ្ពស់នៃជំងឺរ៉ាំរ៉ៃ ប្រសិនបើទទួលទានរយៈពេលយូរ៕
