ព័ត៌មានអន្តរជាតិ

លោក Donald Trump សន្យាជាមួយលោក Zelensky ថា នឹងបញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot ១០គ្រឿង បន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន, ១គ្រឿងតម្លៃប្រហែល៤លានដុល្លារ

RT News

បរទេស ៖ សារព័ត៌មាន Axios បានរាយការណ៍ ដោយដកស្រង់ប្រភពខ្លីៗស្តីពីការហៅទូរស័ព្ទនាពេលថ្មីៗនេះរវាងលោក Trump និងមេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky ថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានសន្យាថា នឹងបញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot បន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន ប៉ុន្តែចំនួនជាក់ស្តែង នឹងមានកម្រិតខ្លាំងណាស់ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីសប្តាហ៍មុន មន្ទីរបញ្ចកោណអាមេរិ បានប្រកាសផ្អាកការដឹកជញ្ជូន អាវុធមួយចំនួនទៅកាន់ប្រទេសអ៊ុយក្រែន រួមទាំងគ្រាប់បែកដ៏ជាក់លាក់ និងឧបករណ៍ស្ទាក់ ចាប់ប្រព័ន្ធការពារដែនអាកាស ដោយលើកឡើងពីការព្រួយបារម្ភលើការបំផ្លាញឃ្លាំង ស្តុកសព្វាវុធរបស់អាមេរិក ។

យ៉ាងណាក៏ដោយ កាលពីថ្ងៃចន្ទស្រាប់តែ លោក Trump បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តបញ្ជូន «អាវុធការពារ» ទៅកាន់ទីក្រុង គៀវ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Sean Parnell ក៏បានបញ្ជាក់ផងដែរថា តាមការណែនាំរបស់ប្រធានាធិបតី ក្រសួងការពារជាតិនឹង “បញ្ជូនអាវុធការពារបន្ថែមទៅអ៊ុយក្រែន” ។

លោក Trump មិនបានប្រាប់ឱ្យច្បាស់ថា អាវុធណានឹងត្រូវបញ្ជូនទៅ ឬក្នុងបរិមាណប៉ុន្មាននោះទេ ប៉ុន្តែយោងទៅតាម Axios គឺមេដឹកនាំសហរដ្ឋអាមេរិក បានប្រាប់លោក Zelensky ក្នុងអំឡុងពេលការហៅទូរស័ព្ទកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកនឹងបញ្ជូនភ្លាមៗ នូវឧបករណ៍ស្ទាក់ចាប់មីស៊ីលប្រភេទ Patriot ចំនួនដប់ ។

ប្រព័ន្ធការពារមីស៊ីល Patriot នីមួយៗ ត្រូវបានគេនិយាយថា មានតម្លៃប្រហែល​ ៤ លានដុល្លារ ហើយឧស្សាហកម្ម ការពារជាតិ អាមេរិកបច្ចុប្បន្នត្រូវបានគេជឿថា នឹងផលិត បានប្រហែល ៥០០ ក្នុងមួយឆ្នាំ ។ ពិធីសារការពារដែន អាកាសរបស់សហរដ្ឋអាមេរិក ជាធម្មតាទាមទារឱ្យមានការបាញ់មីស៊ីល យ៉ាងហោចណាស់ពីរគ្រាប់ ដើម្បីស្ទាក់ចាប់គោលដៅ ដែលចូលមកតែមួយគ្រាប់។

លោក Trump ក៏បានសន្យាថា នឹងជួយទីក្រុងគៀវ រកមធ្យោបាយផ្សេងទៀតដើម្បីទទួលបានគ្រាប់។ លោក Trump ត្រូវបានគេរាយការណ៍ថា កំពុងដាក់សម្ពាធឱ្យប្រទេសអាល្លឺម៉ង់ឱ្យបរិច្ចាគអាវុធផ្ទាល់ខ្លួនបន្ថែមទៀតដល់ទីក្រុង គៀវ រួមទាំងជើងទម្រសម្រាប់បាញ់ Patriot របស់ខ្លួនផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top