រុស្ស៊ី ៖ យោងតាមលោក Andrey Besedin ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម Ural បានប្រាប់ឲ្យដឹងថា ជនជាតិឥណ្ឌា រហូតដល់មួយលាននាក់ អាចធ្វើអន្តោប្រវេសន៍ ទៅកាន់ប្រទេសរុស្ស៊ីនៅចុងឆ្នាំ ២០២៥ ដើម្បីជួយដោះស្រាយកង្វះខាតកម្លាំងពលកម្មជំនាញធ្ងន់ធ្ងរ របស់ប្រទេសមួយនេះ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។
សម្រាប់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Eurasian (EAN) lokបាននិយាយថា មន្រ្តីឥណ្ឌាបានប្រាប់លោកពីតួលេខនេះ ក្នុងអំឡុងពេលកិច្ចប្រជុំមួយ កាលពីដើមឆ្នាំនេះ ដោយបន្ថែមថា ស្ថានកុងស៊ុលឥណ្ឌាថ្មីនឹង បើកនៅទីក្រុង Yekaterinburg ដើម្បីគ្រប់គ្រងការមកដល់ដែលរំពឹងទុក ។
លោកបានបន្តថា តាមដែលខ្ញុំបានលឺពីសហការីឥណ្ឌារបស់ខ្ញុំ អ្នកឯកទេសរហូតដល់មួយលាននាក់មកពីប្រទេសឥណ្ឌានឹងមកដល់ប្រទេសរុស្ស៊ី រួមទាំងតំបន់ Sverdlovsk នៅចុងឆ្នាំនេះ ។ លោក Besedin បានបន្ថែមថា សហគ្រាសឧស្សាហកម្មរបស់រុស្ស៊ី កំពុងស្ថិតនៅក្រោមសម្ពាធ ក្នុងការពង្រីកផលិតកម្ម ទាំងដោយសារគោលនយោបាយរដ្ឋស្តីពីការជំនួសការនាំចូល និងការទាមទារនៃប្រតិបត្តិការយោធា ដែលកំពុងបន្តនៅអ៊ុយក្រែន។
លោកបានថ្លែងថា ទោះយ៉ាងណា លោកបានកត់សម្គាល់ថា តំបន់នេះខ្វះបុគ្គលិក ដែលមានសមត្ថភាពគ្រប់គ្រាន់។ កម្លាំងការងារមួយផ្នែកត្រូវ បានបញ្ជូនទៅប្រតិបត្តិការយោធា ពិសេស ហើយយុវជនមិនទៅរោងចក្រទេ។ ជនចំណាកស្រុកឥណ្ឌាត្រូវបានគេរំពឹងថា នឹងធ្វើការក្នុងផ្នែកលោហធាតុ និងវិស្វកម្មមេកានិច។
លោក Besedin បានបញ្ជាក់ថា ការពិភាក្សាក៏កំពុងដំណើរការជាមួយស្រីលង្កា និងកូរ៉េខាងជើងអំពីកិច្ចសហប្រតិបត្តិការការងារដែលមានសក្តានុពល។ លោកបានទទួលស្គាល់ថា រុស្ស៊ីខ្វះបទពិសោធន៍ក្នុងការធ្វើការជាមួយជន ចំណាកស្រុកមកពីប្រទេសទាំងនេះ ប៉ុន្តែបានពិពណ៌នាគំនិតផ្តួចផ្តើមនេះថា ជា កម្រិតថ្មីនៃកិច្ចសហប្រតិបត្តិការ ការងារអន្តរជាតិ។
ក្រសួងការងាររបស់ប្រទេសរុស្ស៊ី បានព្យាករណ៍ថា នឹងមានការខ្វះខាតកម្មករចំនួន ៣.១ លាននាក់នៅឆ្នាំ ២០៣០ ហើយបានរាយការណ៍ថា នៅឆ្នាំ ២០២៤ ក្រុមហ៊ុនបានជួលជន ចំណាកស្រុក ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រឹមតែ ៤៧,000 នាក់ប៉ុណ្ណោះពីប្រទេស ដែលពលរដ្ឋត្រូវការទិដ្ឋាការ សម្រាប់ការចូល ៕
