អាមេរិក ៖ ក្រុមហ៊ុនអេឡិចត្រូនិកយក្ស របស់អាមេរិក Nvidia បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងបន្តការលក់បន្ទះឈីប H20 របស់ខ្លួនទៅកាន់ប្រទេសចិន ហើយបាន បង្ហាញពីអង្គភាព ដំណើរការក្រាហ្វិក (GPU) ថ្មីដែលមានលក្ខណៈពេញលេញ ត្រូវបានរចនាឡើង សម្រាប់ទីផ្សារប្រទេសចិន យោងតាមការចេញផ្សាយពីគេហទំព័រ China Daily ។
ដំណឹងនេះធ្វើឡើង បន្ទាប់ពីដំណើរទស្សនកិច្ចជាបន្តបន្ទាប់ក្នុងខែនេះ ដោយស្ថាបនិក និងជានាយកប្រតិបត្តិ Nvidia លោក Jensen Huang ទៅកាន់ទីក្រុង វ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ជាកន្លែង ដែលលោកបានលើកឡើង ពីសក្តានុពលផ្លាស់ប្តូរ នៃបញ្ញាសិប្បនិម្មិត សម្រាប់អាជីវកម្ម និងសង្គម ទូទាំងពិភពលោក។
នៅទីក្រុងប៉េកាំង លោក Huang បានជួបជាមួយមន្ត្រីរដ្ឋាភិបាល និងឧស្សាហកម្ម ដើម្បីពិភាក្សាអំពីប្រព័ន្ធ AI អាចបង្កើនផលិតភាព និងពង្រីកឱកាស ។ លោកក៏គ្រោងនឹងចូលរួមក្នុងពិធីបើកពិព័រណ៍ សង្វាក់ផ្គត់ផ្គង់អន្តរជាតិ របស់ប្រទេសចិននៅថ្ងៃពុធនេះដែរ។
លោក Huang បាននិយាយថា Nvidia កំពុងស្ថិតក្នុងដំណើរការដាក់ពាក្យ ស្នើសុំដើម្បីបន្តការលក់ GPU H20 ក្នុងប្រទេសចិន។ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានធានាដល់ក្រុមហ៊ុនថា អាជ្ញាប័ណ្ណនឹងត្រូវបានផ្តល់ ហើយ Nvidia សង្ឃឹមថានឹងចាប់ផ្តើមចែកចាយ ក្នុងពេលឆាប់ៗនេះ។
លោក Huang ក៏បានប្រកាសនូវ NVIDIA RTX PRO GPU ថ្មី ដោយពណ៌នាថា វាជាល្អសម្រាប់កម្មវិធីឌីជីថល AI ភ្លោះក្នុងរោងចក្រឆ្លាតវៃ និងភស្តុភារ៕
