ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្រកាសអំពីកិច្ចពិភាក្សា លើកម្មវិធីនុយក្លេអ៊ែរ ជាមួយចិន និងរុស្ស៊ី

បរទេស៖ លោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសថា រុស្ស៊ី ចិន និងអ៊ីរ៉ង់ នឹងជួបពិភាក្សាគ្នានៅថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។ លោកបានកត់សម្គាល់ថា ការចរចាដាច់ដោយឡែកមួយទៀតជាមួយបណ្តាប្រទេសអឺរ៉ុបត្រូវបានគ្រោងធ្វើនៅចុងសប្តាហ៍នេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ លោក Baghaei បាននិយាយថា កិច្ចពិភាក្សាត្រីភាគីក៏នឹងផ្តោតលើការគំរាមកំហែងរបស់ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដើម្បីដាក់ទណ្ឌកម្មឡើងវិញរបស់អង្គការសហប្រជាជាតិលើប្រទេសអ៊ីរ៉ង់ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ជាពិសេស រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot បានព្រមានអំពីការដាក់ទណ្ឌកម្មដ៏មានសក្តានុពលមួយនៅខែក្រោយ ប្រសិនបើគ្មានការរីកចំរើនដ៏មានអត្ថន័យក្នុងការកំណត់សកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

លោក Baghaei បានកត់សម្គាល់ទៀតថា រុស្ស៊ី និងចិន នៅតែជាសមាជិកនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ និងកាន់ឥទ្ធិពលយ៉ាងសំខាន់នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកបានបន្ថែមថា អ៊ីរ៉ង់ មាន “ការពិគ្រោះយោបល់ល្អ” ជាមួយប្រទេសទាំងពីរ ទាក់ទងនឹងការដាក់ទណ្ឌកម្មដ៏មានសក្តានុពល។ លោកបានសង្កត់ធ្ងន់ថា «ស្របច្បាប់ និងសមហេតុសមផល វាគ្មានហេតុផលសម្រាប់ការវិលត្រឡប់នៃទណ្ឌកម្មដែលត្រូវបានដកចេញក្រោម [កិច្ចព្រមព្រៀងនុយក្លេអ៊ែរ] នោះទេ»។

អ្នកនាំពាក្យក៏បានបញ្ជាក់ផងដែរថា អ៊ីរ៉ង់នឹងបើកកិច្ចប្រជុំដាច់ដោយឡែកមួយនៅកម្រិតអនុរដ្ឋមន្ត្រីការបរទេសជាមួយអង់គ្លេស បារាំង និងអាល្លឺម៉ង់នៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃសុក្រ ដោយបន្ថែមថា ទីក្រុងតេអេរ៉ង់មិនមានគម្រោងពិភាក្សាជាមួយសហរដ្ឋអាមេរិកនៅពេលនេះទេ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top