អាមេរិក៖សារព័ត៌មាន Financial Times បានរាយការណ៍ កាលពីថ្ងៃចន្ទដោយដក ស្រង់ប្រភពដឹងអំពីបញ្ហានេះថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្អាកការរឹតបន្តឹងការ នាំចេញបច្ចេកវិទ្យា សំខាន់ៗទៅកាន់ប្រទេសចិន ក្នុងគោលបំណងការពារកិច្ចពិភាក្សា ពាណិជ្ជកម្មដ៏រសើប និងជួយធានាឲ្យមានជំនួបរវាង Trump និងប្រធានាធិបតីចិន Xi Jinping នៅចុងឆ្នាំនេះ។
ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ២ លើពិភពលោក បច្ចុប្បន្នកំពុងធ្វើការ ដើម្បីកាត់បន្ថយភាពតានតឹង ពាណិជ្ជកម្មដែលកំពុងកើនឡើង។ នៅសប្តាហ៍នេះ អាមេរិក និងចិនបានចាប់ផ្តើមការចរចាជុំទី៣របស់ពួកគេ ដោយបើកកិច្ចប្រជុំកំពូល រយៈពេល៣ ថ្ងៃនៅទីក្រុង Stockholm ។ កិច្ចពិភាក្សានេះមានគោលបំណង ពង្រីកបទឈប់បាញ់ពន្ធដែលមានស្រាប់ និងកាត់បន្ថយហានិភ័យ នៃការរំខានសេដ្ឋកិច្ចបន្ថែមទៀត។
យោងតាមមន្ត្រីបច្ចុប្បន្ន និងអតីត ត្រូវបានដកស្រង់ដោយ FT បាននិយាយថា ការិយាល័យឧស្សាហកម្ម និងសន្តិសុខ (BIS) នៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ត្រូវបានណែនាំឲ្យជៀស វាងការដាក់កំហិត លើការនាំចេញយ៉ាងខ្លាំង ក្លាលើប្រទេសចិន ។ ពួកគេក៏បានកត់សម្គាល់ផងដែរថា ទីក្រុងវ៉ាស៊ីនតោនប្រឈម នឹងដែនកំណត់ក្នុងការ រឹតបន្តឹងការគ្រប់គ្រង ដោយសារតែការព្រួយបារម្ភថា ទីក្រុងប៉េកាំង អាចសងសឹក ដោយការ កាត់ផ្តាច់ការផ្គត់ផ្គង់វត្ថុ ធាតុដើមសំខាន់ៗ។
ប្រទេសចិនដែលគ្រប់គ្រង ការផ្គត់ផ្គង់សកល នៃធាតុកម្រ បានដាក់កំហិតការនាំចេញ លើរ៉ែយុទ្ធសាស្ត្រ ចំនួន៧កាលពីដើមឆ្នាំនេះ ដើម្បីឆ្លើយតបទៅ នឹងសកម្មភាព ពាណិជ្ជកម្មរបស់អាមេរិក។ សម្ភារៈទាំងនេះមានសារសំខាន់ សម្រាប់វិស័យសំខាន់ៗ របស់អាមេរិក រួមទាំងអេឡិចត្រូនិក ថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាការពារជាតិ៕
