ព័ត៌មានអន្តរជាតិ

កោះដ៏ស្រស់ស្អាតបំផុត នៅអាស៊ីទាក់ទាញភ្ញៀវ ទេសចរ កាន់តែច្រើន ចំពេលមានភាពតានតឹង ព្រំដែនថៃ-កម្ពុជា

VN Express

ឥណ្ឌូណេស៊ី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ចំនួនភ្ញៀវបរទេស បានធ្វើដំណើរទៅកាន់កោះបាលី របស់ប្រទេសឥណ្ឌូណេស៊ី កើនឡើងពី ១០ ទៅ ១៥ ភាគរយ បន្ទាប់ពីការកើនឡើងនៃភាពតានតឹង ព្រំដែនរវាងកម្ពុជា និងថៃ ចាប់តាំងពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៥ ។

ជម្លោះយោធា រវាងប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង ២ បានជំរុញឲ្យអ្នកទេសចរបរទេសជាច្រើន ផ្លាស់ប្តូរផែនការធ្វើដំណើររបស់ពួកគេ ដោយជ្រើសរើសទៅកោះបាលី លើទិសដៅប្រពៃណី ដូចជាទីក្រុងបាងកក ឬសៀមរាប។

យោងតាមសមាគមសណ្ឋាគារ និង ភោជនីយដ្ឋានឥណ្ឌូណេស៊ី (PHRI) បាននិយាយថា ការមកដល់របស់ភ្ញៀវទេសចរ ទៅកាន់កោះបាលីបានកើនឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈអ្នកធ្វើដំណើរស្វែងរកជម្រើសដែលមានសុវត្ថិភាពជាងមុន ចំពេលមានជម្លោះ ដែលបានជម្លៀសមនុស្សរាប់សែននាក់ និងបានឆក់យកជីវិតមនុស្សរាប់សិបនាក់។

លោក I Gusti Agung Ngurah Rai Surywijaya អនុប្រធាន PHRI នៅកោះបាលី បាននិយាយថា កោះបាលីត្រូវបានគេមើលឃើញថា ជាគោលដៅដែលមានសុវត្ថិភាព ដូច្នេះអ្នកទេសចរជាច្រើនបានជ្រើសរើសមកទីនេះ ជំនួសឲ្យការបន្តដំណើរ របស់ពួកគេទៅកាន់ប្រទេសថៃ។

ថ្មីៗនេះ កោះបាលីត្រូវបានគេដាក់ឈ្មោះថា ជាកោះដ៏ស្រស់ស្អាតបំផុត របស់អាស៊ីនៅក្នុងកម្មវិធី Reader’s Choice Awards ដោយទស្សនាវដ្តី DestinAsian ។ កោះនេះបានទាក់ទាញភ្ញៀវទេសចរ អន្តរជាតិចំនួន ៦.៣ លាននាក់ក្នុងឆ្នាំ ២០២៤ លើសពីកម្រិតមុនការរាតត្បាត ហើយមានបំណងស្វាគមន៍ភ្ញៀវ ទេសចរចំនួន ៦.៥ លាននាក់នៅឆ្នាំនេះ។

អាជ្ញាធរក្នុងតំបន់បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយ ការរំលោភទិដ្ឋាការ និងអាកប្បកិរិយាមិនសមរម្យ របស់ភ្ញៀវបរទេសក្នុងគោលបំណង ការពារមុខមាត់កោះនេះ និងលើកកម្ពស់ ទេសចរណ៍ប្រកប ដោយការទទួលខុសត្រូវ ។ កោះបាលី ក៏បាននឹងកំពុងដោះស្រាយបញ្ហា ប្រឈមជាបន្តបន្ទាប់ រួមទាំងការកើនឡើងនៃឧក្រិដ្ឋកម្ម ពាក់ព័ន្ធនឹងជនបរទេស ៕

Most Popular

To Top