ព័ត៌មានអន្តរជាតិ

អូស្ត្រាលី​ចំណាយ​ ៦,៥​ពាន់​លាន​ដុល្លារ​ ទិញ​នាវា​ចម្បាំង​បំបាំងកាយ​ ១១គ្រឿងរបស់​ជប៉ុន

បរទេស៖ ប្រទេសអូស្ត្រាលី នឹងចុះហត្ថលេខាលើកិច្ចសន្យាតម្លៃ ៦,៥ ពាន់លានដុល្លារជាមួយក្រុមហ៊ុនជប៉ុន ដើម្បីផលិតនាវាចម្បាំងបំបាំងកាយចំនួន ១១គ្រឿង ដើម្បីជំនួសនាវាចម្បាំងចាស់ៗដែលកំពុងបម្រើការ ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Richard Marles បាននិយាយនៅថ្ងៃថា កិច្ចសន្យាជាមួយក្រុមហ៊ុន Mitsubishi Heavy Industries របស់ប្រទេសជប៉ុន ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខានៅចុងឆ្នាំនេះ។ នេះនឹងក្លាយជាកិច្ចព្រមព្រៀងលទ្ធកម្មការពារជាតិដ៏ធំបំផុតទីពីររបស់អូស្ត្រាលី បន្ទាប់ពីកិច្ចសន្យានាវាមុជទឹកនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសក្នុងឆ្នាំ ២០២៣ និងជាកិច្ចព្រមព្រៀងនាំចេញផ្នែកការពារដ៏ធំបំផុតមួយរបស់ជប៉ុន។

លោក Marles បាននិយាយថា “នេះមានសារៈសំខាន់ណាស់ក្នុងការ ផ្តល់ឱ្យកងទ័ពជើងទឹកអូស្ត្រាលីនូវសមត្ថភាព ក្នុងការដាក់ពង្រាយថាមពលជាមួយ នឹងផលប៉ះពាល់ ដែលជាចំណុចស្នូលនៃបញ្ហាប្រឈមជាយុទ្ធសាស្ត្រ។ នេះគឺជាពេលវេលាដ៏សំខាន់បំផុត នៅក្នុងទំនាក់ទំនងទ្វេភាគីរវាងអូស្ត្រាលី និងជប៉ុន”។

ប្រទេសអូស្ត្រាលីបានសម្រេចចិត្តជ្រើសរើសនាវាចម្បាំងជប៉ុន Mogami-class ជំនួសឱ្យនាវា MEKO A-200 class ដែលផលិតដោយអាល្លឺម៉ង់។ យោងតាមលោក Marles នាវា Mogami class មានសមត្ថភាពបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ចម្ងាយប្រតិបត្តិការជាង ១៨.៥០០ គីឡូម៉ែត្រ និងកម្រិតស្វ័យប្រវត្តិកម្មខ្ពស់។ នាវាចម្បាំង Anzac-class ដែលអូស្ត្រាលីកំពុងប្រតិបត្តិការបច្ចុប្បន្នមានជួរប្រតិបត្តិការជាង ១១.០០០ គីឡូម៉ែត្រ និងមាននាវិកច្រើនជាង Mogami ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top