ព័ត៌មានអន្តរជាតិ

ភ្ញៀវទេសចរណ៍ចិន​ ២នាក់បានស្លាប់បាត់បង់ជីវិត ក្រោយលិចទូក នៅលើកោះ ដ៏ស្រស់ស្អាតបំផុតនៅអាស៊ី

VN Express

ឥណ្ឌូនេស៊ី ៖ អាជ្ញាធរជួយសង្គ្រោះបាននិយាយថា អ្នកទេសចរចិន ២ នាក់បានស្លាប់ ហើយជនជាតិឥណ្ឌូនេស៊ីម្នាក់ បានបាត់ខ្លួនកាលពីថ្ងៃទី ៥ ខែសីហា បន្ទាប់ពីទូកមួយបានធ្វើដំណើរទៅកាន់កោះ ដ៏ពេញនិយមនៃកោះបាលី ជាមួយនឹងមនុស្សរាប់សិបនាក់ នៅលើនោះបានលិច ហើយបានអណ្តែត ទៅកាន់ច្រាំង យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះរបស់កោះនេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ទូកលឿនដែលធ្វើដំណើរពី Nusa Penida “បានលិច ហើយបានអណ្តែតទៅកាន់ច្រាំង ” នៅជិតកំពង់ផែ Sanur នៅភាគខាងកើតនៃកោះបាលី។

លោក I Nyoman Sidakarya ប្រធានទីភ្នាក់ងារជួយសង្គ្រោះនៅទីក្រុង Denpasar ខេត្ត Bali បានបញ្ជាក់ថា ជនជាតិចិន២នាក់បានស្លាប់ ហើយជនជាតិឥណ្ឌូនេស៊ីអាយុ ២៣ ឆ្នាំម្នាក់នៅតែបាត់ខ្លួននៅឡើយ។

យោងតាមអ្នកកាសែត AFP នៅកន្លែងកើតហេតុបានឲ្យដឹងថា ទូកនេះត្រូវបានក្រឡាប់នៅលើឆ្នេរមួយក្បែរកំពង់ផែ Sanur ។ ទីភ្នាក់ងារសង្គ្រោះមិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់ជនជាតិចិននោះទេ។

ទីភ្នាក់ងារជួយសង្គ្រោះនៅទីក្រុង Denpasar បាននិយាយថា ទូកនេះបានដឹកមនុស្សចំនួន ៨០ នាក់ រួមទាំងជនបរទេសចំនួន ៧៣ នាក់ ជនជាតិឥណ្ឌូនេស៊ី ២ នាក់ និងសមាជិកនាវិក ៥ នាក់ផងដែរ។

ឧបទ្ទវហេតុក្នុងសមុទ្រគឺជាការកើតឡើងជាទៀងទាត់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសប្រជុំកោះអាស៊ីអាគ្នេយ៍ដែលមានកោះប្រហែល ១៧,០០០ មួយផ្នែកដោយសារតែស្តង់ដារសុវត្ថិភាពធូររលុង និងជួនកាលដោយសារអាកាសធាតុអាក្រក់។

កាលពីខែកក្កដា សាឡាងមួយបានលិចនៅលើផ្លូវទៅកោះបាលីពីកោះ Java ភាគខាងកើត ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩នាក់។ កាលពីខែមីនា ទូកដឹកមនុស្ស១៦នាក់បានក្រឡាប់នៅក្នុងទឹកសមុទ្រដ៏អាក្រក់នៅកោះបាលី ដោយបានសម្លាប់ស្ត្រីអូស្ត្រាលីម្នាក់ និងយ៉ាងហោចណាស់ម្នាក់ទៀតរងរបួស។

ថ្មីៗនេះ កោះបាលីត្រូវបានគេដាក់ឈ្មោះថា ជាកោះដ៏ស្រស់ស្អាតបំផុតរបស់អាស៊ីនៅក្នុងកម្មវិធី Reader’s Choice Awards ដោយទស្សនាវដ្តី DestinAsian ។ កោះនេះបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន ៦.៣ លាននាក់ក្នុងឆ្នាំ២០២៤ លើសពីកម្រិតមុនការរាតត្បាត ហើយមានបំណងស្វាគមន៍ភ្ញៀវទេសចរចំនួន ៦.៥ លាននាក់នៅឆ្នាំនេះ៕

Most Popular

To Top