ជប៉ុន៖នេះបើតាមសារព័ត៌មាន NHK បានប្រាប់ឲ្យដឹងថា អាជ្ញាធរជប៉ុនបានចាប់ខ្លួនជនជាតិវៀតណាម ៣ នាក់ ដោយចោទប្រកាន់ពីបទរក្សា ទុកកញ្ឆាទម្ងន់ មួយ តោន ហើយកំពុង ស៊ើបអង្កេតទំនាក់ទំនង សក្តានុពលទៅនឹង បណ្តាញជួញដូរគ្រឿងញៀនអន្តរជាតិ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
កញ្ឆាប្រមាណមួយតោន ត្រូវបានដឹកជញ្ជូនពីប្រទេស វៀតណាម ទៅកាន់កំពង់ផែតូក្យូ ដែលជាការរឹបអូស គ្រឿងញៀន ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសជប៉ុន។
នាយកដ្ឋានគ្រប់គ្រងគ្រឿងញៀនរបស់ប្រទេសជប៉ុន បានប្រកាសពីការចាប់ខ្លួន រួមទាំងបុរសអាយុ ៥១ ឆ្នាំម្នាក់មកពីខេត្ត Ibaraki ត្រូវបានចោទប្រកាន់ពីបទរក្សាទុក និងសមគំនិតក្នុងការជួញដូរកញ្ឆា ដើម្បីរកប្រាក់ចំណេញ។ នាយកដ្ឋានក៏កំពុងស៊ើបអង្កេតថា ហេតុការណ៍នេះជាប់ពាក់ព័ន្ធ នឹងប្រតិបត្តិការជួញដូរគ្រឿងញៀន ឆ្លងដែនឬអត់។
មន្ត្រីគយក្រុងតូក្យូបានរាយការណ៍ថា បានរកឃើញកញ្ឆាក្រៀមចំនួនធំលាក់ក្នុងប្រអប់ក្រដាសកាតុងធ្វើកេសចំនួន ២០០ នៅលើកប៉ាល់ដឹកទំនិញ បានចាកចេញពីកំពង់ផែ Da Nang ប្រទេសវៀតណាម ហើយបានមកដល់ កំពង់ផែតូក្យូក្នុងខែមិថុនា
នេះបើតាមសារព័ត៌មាន NHK បានបន្តថា មន្ត្រីគ្រប់គ្រងគ្រឿងញៀន បានតាមដានគ្រឿងញៀនខុសច្បាប់ ខណៈពួកគេកំពុងត្រូវបានផ្លាស់ប្តូរពីកំពង់ផែ ទីបំផុតបានរឹបអូសយកទំនិញនៅក្នុងតំបន់ Kanto ភាគខាងជើង។ ក្រុមអ្នកស៊ើបអង្កេតបានបង្ហាញថា ការដឹកជញ្ជូនដំបូងមានគោលដៅ សម្រាប់ក្រុមហ៊ុនមួយនៅទីក្រុងអូសាកា ដែលមានទីតាំងនៅភាគខាងលិចប្រទេសជប៉ុន។
សន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានបញ្ជាក់ថា បន្ទាប់ពីទទួលបាន ព័ត៌មាននោះ បេសកកម្មការទូត វៀតណាមប្រចាំ នៅប្រទេសជប៉ុនបានទាក់ ទងអាជ្ញាធរ មូលដ្ឋាន ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានលម្អិត និងអនុវត្តវិធានការការពារ ចាំបាច់ស្របតាមច្បាប់វៀតណាម និងជប៉ុន។
លោកស្រីបាននិយាយថា វៀតណាមប្តេជ្ញាដោះស្រាយយ៉ាងតឹងរ៉ឹងនូវសកម្មភាពពាក់ព័ន្ធនឹងការផលិត ការជួញដូរ ការផ្ទុក និងដឹកជញ្ជូនគ្រឿងញៀន ហើយត្រៀមខ្លួនជាស្រេច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ជាពិសេសការជួញដូរគ្រឿងញៀន៕
