វ៉ាស៊ីនតោន ៖ អត្រាពន្ធគយ ៥០ភាគរយ លើការនាំចូលពីប្រទេសឥណ្ឌា ដែលដាក់ដោយប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចូលជាធរមានហើយកាលពីថ្ងៃពុធ ប៉ុន្ដែនៅមិនទាន់មានប្រតិកម្មតវ៉ា ពីភាគីឥណ្ឌានៅឡើយទេ ។
ឥឡូវនេះឥណ្ឌាចូលរួមជាមួយប្រេស៊ីល ក្នុងការប្រឈមមុខនឹងពន្ធ ៥០ ភាគរយរបស់សហរដ្ឋអាមេរិក ដែលជាអត្រាខ្ពស់បំផុតមួយ ដែលកំណត់ដោយទីក្រុងវ៉ាស៊ីនតោន ។ តាមរយៈការបង្កើនពន្ធទ្វេដងលើការនាំចូលទំនិញឥណ្ឌា លោក ត្រាំ ក៏កំពុងដាក់ទណ្ឌកម្មឥណ្ឌា ចំពោះការទិញប្រេងពីរុស្ស៊ីផងដែរ ។
កាលពីដើមខែនេះ ប្រទេសឥណ្ឌា បានបរិហារពន្ធបន្ថែមរបស់ទីក្រុងវ៉ាស៊ីនតោ នលើការនាំចេញរបស់ខ្លួនថា “អយុត្តិធម៌ និងមិនសមហេតុផល ” ដោយអះអាងថា ការទិញប្រេងរបស់ខ្លួនមានបំណងធានាតម្លៃថាមពល ដែលអាចព្យាករណ៍បាន និងតម្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់ក្នុងស្រុក៕
ប្រែសម្រួល ឈូក បូរ៉ា
