ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ការប៉ះទង្គិចគ្នានៅតាមព្រំដែននាពេលថ្មីៗនេះរវាងប្រទេសថៃ និងកម្ពុជាកំពុងកាត់បន្ថយអត្រាស្នាក់នៅរបស់ភ្ញៀវទេសចរអន្តរជាតិក្នុងសណ្ឋាគារនៅប្រទេសថៃធ្លាក់ចុះ ជាង ១០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈវៀតណាមកំពុងពន្លឿនគោលនយោបាយទេសចរណ៍របស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន។
លោក Bill Heinecke ប្រធានក្រុមហ៊ុន Minor International ដែលជាក្រុមហ៊ុនបដិសណ្ឋារកិច្ច និងភោជនីយដ្ឋានធំជាងគេមួយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិយាយថា ចាប់តាំងពីការប៉ះទង្គិចគ្នាកាលពីខែមុនមក សណ្ឋាគារ Minor ក្នុងប្រទេសថៃបានឃើញភ្ញៀវទេសចរបរទេសតិចជាងមុន រួមទាំងភ្ញៀវទេសចរអន្តរជាតិដែលមកពីអាមេរិកផងដែរ។
លោក Heinecke បានប៉ាន់ប្រមាណថា ការមកដល់របស់ជនបរទេសសរុបក្នុងប្រទេសថៃអាចធ្លាក់ចុះ ១០ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន សកម្មភាពនេះកំពុងធ្វើឲ្យរងផលប៉ះពាល់ដល់ម្ចាស់សណ្ឋាគារហើយ។
លោកបានបន្ថែមថា ផ្ទុយទៅវិញ សណ្ឋាគារក្នុងប្រទេសវៀតណាមបានមើលឃើញអត្រាភ្ញៀវទេសចរអន្តរជាតិស្នាក់នៅមានអាត្រាខ្ពស់ជាងប្រទេសថៃដាច់តែម្តង។
យោងតាមក្រសួងទេសចរណ៍បានឲ្យដឹងថា ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសជាង ២១ លាននាក់ ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២៤ ខែសីហា ធ្លាក់ចុះ ៧.១៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះដែរ ប្រទេសវៀតណាមបានទទួលភ្ញៀវបរទេសចំនួន ១២.២ លាននាក់ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ កើនឡើង ២៣ ភាគរយធៀបនឹងឆ្នាំមុន។
