ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅកាន់ប្រទេសចិន តាមរថភ្លើងពិសេសមួយនៅព្រឹកថ្ងៃអង្គារ ដើម្បីចូលរួមព្រឹត្តិការណ៍នានាក្នុងទីក្រុងប៉េកាំង នៅថ្ងៃបន្ទាប់ ដើម្បីរំលឹកខួប ៨០ ឆ្នាំ ចាប់តាំងពីការចុះចាញ់ជាផ្លូវការរបស់ជប៉ុនក្នុងសង្គ្រាមលោកលើកទីពីរ។
លោក គីម បានធ្វើទស្សនកិច្ចចុងក្រោយនៅប្រទេសចិនក្នុងខែមករា ឆ្នាំ២០១៩។ លោកនឹងសង្កេតមើលក្បួនដង្ហែរយោធានៅទីលានធានអានមេននៃរដ្ឋធានី រួមជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងភ្ញៀវបរទេសផ្សេងទៀតរួមទាំងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។
មេដឹកនាំកូរ៉េខាងជើង អមដំណើរដោយមន្ត្រីជាន់ខ្ពស់ រួមទាំងរដ្ឋមន្ត្រីការបរទេស Choe Son Hui ផងដែរ។ លោក គីម ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាជាមួយលោក ស៊ី អំពីស្ថានភាពនៅឧបទ្វីបកូរ៉េ កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក៏ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។
រថភ្លើងដែលដឹកលោក គីម បានចាកចេញពីទីក្រុងព្យុងយ៉ាង ទៅកាន់ប្រទេសចិននៅរសៀលថ្ងៃច័ន្ទ ហើយត្រូវបានគេរំពឹងថា នឹងមកដល់ទីក្រុងប៉េកាំងនៅថ្ងៃអង្គារ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង។
នៅទីក្រុង Dandong ដែលជាទីក្រុងជាប់ព្រំដែននៅភាគឦសានប្រទេសចិន ប្រជាជននៅជិតស្ពានឆ្លងកាត់ទន្លេ Yalu ដែលរត់តាមព្រំដែនជាមួយប្រទេសកូរ៉េខាងជើង ត្រូវបានស្នើឱ្យចាកចេញនៅព្រឹកថ្ងៃអង្គារ ចំពេលមានការរៀបចំសន្តិសុខយ៉ាងធ្ងន់ធ្ងរ៕
ប្រែសម្រួល ឈូក បូរ៉ា
