ព័ត៌មានអន្តរជាតិ

ព្រឹទ្ធសភាថៃ ប្រកាសអនុម័តកញ្ចប់ថវិកាជាតិ ប្រមាណជាជាង១១០ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ២០២៦

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ព្រឹទ្ធសភារបស់ប្រទេសថៃ បានអនុម័តថវិកាចំនួន៣,៧៨ទ្រីលានបាត ឬត្រូវជា១១៦,៧៣ពាន់លានដុល្លារ អាមេរិក សម្រាប់ឆ្នាំសារពើពន្ធ២០២៦ នៅក្នុងការពិនិត្យលើកទី៣ និងចុងក្រោយរបស់ខ្លួន កាលពីថ្ងៃអង្គារ។

នៅក្នុងជំនួបនៃសភាជាន់ខ្ពស់ ដែលមានសមាជិកទាំង២០០ រូប នៃសភាថៃបានអនុម័តច្បាប់ ថវិកាសម្រាប់ឆ្នាំសារ ពើពន្ធ២០២៦ដែលនឹងត្រូវចាប់ផ្តើមអនុវត្តនៅក្នុងខែតុលា ជាមួយនឹងសម្លេងគាំទ្រ១៥១សម្លេងប្រឆាំងតែ១ប៉ុណ្ណោះ និង២៧អនុប្បវាទ។

តាមការសង្កេតឃើញបានបញ្ជាក់ថា គម្រោងថវិកា ចំណាយដែលបានគ្រោង ទុកបានកើនឡើងប្រមាណជា០,៧ ភាគរយធៀបនឹងឆ្នាំមុន ជាមួយនឹងឱនភាពថវិកាចំនួន៨៦០ពាន់លានបាតឬត្រូវជា២៦,៥៤ពាន់លានដុល្លារពោលគឺត្រូវជា ៤,៣ភាគរយភាគរយនៃផលិតផល ក្នុងស្រុកសរុបរបស់ប្រទេស។

ឧបនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុនៅពេលនេះគឺ លោក Pichai Chunhavajira បានថ្លែងអំណរគុណចំពោះព្រឹទ្ធសភា ដែលបានអនុម័តសេចក្តីព្រាងច្បាប់នេះ ដោយមានប្រសាសន៍ថា ថវិកាគឺជាឧបករណ៍ដ៏សំខាន់ សម្រាប់អនុវត្តគោលនយោបាយ របស់រដ្ឋាភិបាល យុទ្ធសាស្ត្រជាតិ និងផែនការអភិវឌ្ឍន៍ផ្សេងៗ។

លោក Pichai បានប្រាប់សភាថា ៖ រដ្ឋាភិបាល នឹងត្រួតពិនិត្យការ ចំណាយ ដើម្បីធានាថា វាមានតម្លាភាព ផ្ទៀងផ្ទាត់ និងសម្រេចបាននូវគោលដៅគោល នយោបាយដែលបានកំណត់ ដើម្បីជំរុញប្រទេសឆ្ពោះទៅមុខ ចំពេលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top