រុស្ស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ប្រទេសរុស្ស៊ីបានច្រានចោលការអះអាងយ៉ាងខ្លាំងថា ខ្លួនព្យាយាមបិទប្រព័ន្ធ GPS របស់យន្តហោះដឹក មេដឹកនាំសហភាពអឺរ៉ុប ហេតុការណ៍ចោទប្រកាន់នេះ បានកើតឡើងក្នុងអំឡុងពេលដំណើរ របស់ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen ទៅកាន់ប្រទេសប៊ុលហ្គារី កាលពីសប្តាហ៍មុន។
សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានហៅការចោទប្រកាន់នេះថា មិនពិត ១០០ ភាគរយមកលើប្រទេសរបស់លោកស្រី។ លោកស្រីបានបន្ថែមថា ទីក្រុងម៉ូស្គូនឹងបន្ត ប្រយុទ្ធប្រឆាំងនឹងបណ្តាញផ្សាយពត៌មាន មិនពិតរបស់បស្ចិមប្រទេស ក្នុងគោលបំណង បង្ខូចកិត្តិយសរុស្ស៊ី នៅលើឆាកពិភពលោក ។
លោកស្រី Zakharova បានស្នើថា ការអះអាងនេះគឺចង់បំបែរអារម្មណ៍ សាធារណជនពីព្រឹត្តិការណ៍ជាក់ស្តែង រួមទាំងបញ្ហាក្នុងសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប និងកិច្ចប្រជុំកំពូលថ្មីៗនេះរបស់អង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុង Tianjin ប្រទេសចិន ដែលបានបញ្ចប់កាលពីថ្ងៃចន្ទ។
លោកស្រី បានបញ្ជាក់ថា វាមិនមែនគ្រាន់ តែជាការបំភិតបំភ័យប៉ុណ្ណោះទេ ប៉ុន្តែជាផែនការដ៏ឃោរឃៅមួយ ដើម្បីបង្វែរប្រជាជន របស់ពួកគេពីស្ថានភាព សេដ្ឋកិច្ចកាន់តែអាក្រក់ របស់សហភាពអឺរ៉ុប និងពីការពិចារណា អំពីពិរុទ្ធ ជនពិតប្រាកដ នៅពីក្រោយវិបត្តិអឺរ៉ុប និងការមិនទទួលខុសត្រូវ របស់ឥស្សរជននយោបាយនៃសហភាពអឺរ៉ុប៕
