ទីក្រុងបាងកក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ទីក្រុងបាងកក និងតំបន់សាមុតប្រាកានរបស់ប្រទេសថៃ នៅជិតនោះត្រូវបានប្រកាសថា ជាតំបន់រីករាលដាលនៃជំងឺឆ្កែឆ្កួត ដែលបង្កឲ្យមានការហាមឃាត់រយៈពេល ៣០ ថ្ងៃដោយហាមប្រាមការដឹកជញ្ជូនសត្វឆ្កែ ឆ្មា និងថនិកសត្វដទៃទៀត ។
នេះបើតាមកាសែត Straits Times បាននិយាយថា នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វរបស់ប្រទេសថៃបានចេញបញ្ជាកាលពីថ្ងៃទី៩ ខែកញ្ញា បន្ទាប់ពីរកឃើញករណីជំងឺឆ្កែឆ្កួតនៅសង្កាត់ Nong Bon នៃស្រុក Prawet។ វិធានការនេះនឹងបន្តចូលជាធរមានរហូតដល់ថ្ងៃទី ៨ ខែតុលា គ្របដណ្តប់សង្កាត់មួយចំនួន នៅភាគខាងកើតទីក្រុងបាងកក និងនៅខេត្ត សាមុតប្រាកាន ដែលជំងឺនេះត្រូវបានចាត់ទុកថា ជាការគំរាមកំហែងធ្ងន់ធ្ងរ ដល់មនុស្ស និងសត្វ។
The Nation បានចេញផ្សាយថា បទបញ្ជាហាមប្រាមការ ដឹកជញ្ជូនសត្វឆ្កែ ឆ្មា គោក្របី និងថនិកសត្វដទៃទៀតនៅក្នុង និងក្រៅតំបន់ដែលបានកំណត់ ដោយគ្មានការអនុញ្ញាត ជាលាយលក្ខណ៍អក្សរពីពេទ្យសត្វផ្លូវការ។ ម្ចាស់សត្វត្រូវតែរាយការណ៍ពីរោគសញ្ញានៃជំងឺណាមួយក្នុងរយៈពេល ១២ ម៉ោង ខណៈសាកសពត្រូវតែនៅដដែល រហូតដល់មន្ត្រីពេទ្យសត្វមកដល់។
អ្នកល្មើសនឹងបទបញ្ជានេះ ប្រឈមនឹងការពិន័យធ្ងន់ រួមទាំងការជាប់ពន្ធនាគាររហូតដល់ ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤០,000 បាត (១,៦០០ ដុល្លារអាមេរិក)។ ការិយាល័យសុខភាពសាធារណៈបសុពេទ្យក្រុងបាងកកក៏បានដាក់ពង្រាយអង្គភាពគ្រប់គ្រងជំងឺឆ្កែឆ្កួតរបស់ខ្លួនទៅកាន់តំបន់រងផលប៉ះពាល់បន្ទាប់ពីសត្វដែលឆ្លងមេរោគត្រូវបានរកឃើញនៅ Chalerm Phrakiat Rama 9 Soi 49, Nong Bon៕
