រុស្ស៊ី ៖ នេះបើយោងតាមប្រធានទីភ្នាក់ងារ អវកាសរុស្ស៊ី (Roscosmos) លោក Dmitry Bakanov បាននិយាយថា ប្រទេសរុស្ស៊ីនឹងដាក់ឲ្យដំណើរ ការឆាប់ៗនេះនូវបណ្តាញអ៊ីនធើណេតផ្កាយរណប ស្រដៀងនឹងបណ្តាញអ៊ីនធើណេតយក្សអាមេរិក Starlink ដែលជាប្រព័ន្ធដំណើរការដោយ SpaceX របស់លោក Elon Musk យោងតាមការចេញផ្សាយ ពីគេហទំព័រ RT ។
Starlink ផ្តល់អ៊ីនធើណេត ល្បឿនលឿនពីគន្លងផែនដីទាប ហើយបានដើរតួនាទីយ៉ាងសំខាន់សម្រាប់កងកម្លាំងអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី ដែលអាចឲ្យពួកគេ សម្របសម្រួលប្រតិបត្តិការ ត្រួតពិនិត្យ និងដំណើរការប្រព័ន្ធដ្រូនឆ្លងកាត់ផ្នែកខាងមុខ។
ថ្លែងកាលពីថ្ងៃពុធក្នុងកម្មវិធី Solovyov LIVE លោក Bakanov បាននិយាយថា ការបាញ់បង្ហោះផ្កាយរណបអ៊ីនធើណេតដំបូង របស់ប្រទេសរុស្ស៊ីត្រូវបានកំណត់ សម្រាប់ខែធ្នូ ឆ្នាំ ២០២៥ ខាងមុខនេះ ហើយបណ្តាញនេះ នឹងស្មើទៅនឹងបណ្តាញអ៊ីនធើណេតយក្សអាមេរិក Starlink ដែរ ។
លោកបានបន្តថា យានសាកល្បងជាច្រើនក្នុងគន្លងត្រូវបានត្រួតពិនិត្យរួចហើយ ហើយយានដែលផលិតត្រូវបានកែប្រែតាមនោះដែរ ។ ខ្ញុំបានកត់សម្គាល់ថា ក្រុមតារានិករនឹងត្រូវបានដាក់ពង្រាយពេញលេញក្នុងរយៈពេល ២ ឆ្នាំ។ ប្រធាន Roscosmos បាននិយាយកាលពីមុនថា ការអភិវឌ្ឍន៍ប្រព័ន្ធអ៊ីនធើណេតផ្កាយរណបជាតិនឹងធ្វើឲ្យកងកម្លាំងរុស្ស៊ីគ្រប់គ្រងយន្តហោះគ្មានមនុស្សបើកជាមួយនឹងភាពជាក់លាក់កាន់តែច្រើន។
ហើយបើយោងតាមក្រុមហ៊ុននេះថា ក្រុមហ៊ុន SpaceX ដំណើរការបណ្តាញផ្កាយរណបដ៏ធំបំផុតរបស់ពិភពលោក ជាមួយនឹងយានអវកាស Starlink ជាង ៧,០០០ ក្នុងគន្លងតារាវិថី។ សេវាកម្មនេះបានចាប់ផ្តើមដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ២០២០ បានកើនឡើងដល់អ្នកប្រើប្រាស់ជាង ៦ លាននាក់ក្នុងជាង ១៤០ ប្រទេស និងដែនដី ក្នុងនោះប្រទេសរុស្ស៊ីមិនអាចប្រើប្រាស់បានឡើយ ៕
