ព័ត៌មានអន្តរជាតិ

OpenAI វ៉ាដាច់ក្រុមហ៊ុនបច្ចេកវិទ្យា SpaceX របស់លោក Elon Musk ដែលមានតម្លៃភាគហ៊ុនថ្លៃបំផុតលើពិភពលោក

អាមេរិក៖ Bloomberg បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា OpenAI បានក្លាយជាអាជីវកម្ម ដែលមានតម្លៃបំផុត នៅលើពិភពលោក ដោយវ៉ាដាច់ក្រុមហ៊ុន បច្ចេកវិទ្យា SpaceX របស់លោក Elon Musk ខណៈព្រឹត្តិការណ៍ដ៏សំខាន់នេះ កើតឡើងបន្ទាប់ពីបុគ្គលិក OpenAI បច្ចុប្បន្ន និងអតីតបុគ្គលិកបានលក់ភាគហ៊ុនមានតម្លៃប្រហែល ៦.៦ ពាន់លានដុល្លារទៅឲ្យវិនិយោគិន ក្នុងការលក់បន្ទាប់បន្សំ យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។

បើយោងតាមមនុស្សម្នាក់ ដែលស្គាល់កិច្ចព្រមព្រៀងនេះថា កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនផលិត ChatGPT មានតម្លៃប្រហែល ៣០០ ពាន់លានដុល្លារ បើធៀបនឹង ៤០០ ពាន់លានដុល្លាររបស់ក្រុមហ៊ុន SpaceX ។ ទោះជាយ៉ាងណាក៏ដោយ ប្រតិបត្តិការចុងក្រោយបំផុត បានបង្កើនការវាយតម្លៃ របស់ក្រុមហ៊ុនលើសពី ៥០០ ពាន់លានដុល្លារ។

ការបង្កើនតម្លៃស្លាកនេះកើតឡើង នៅពេល OpenAI បានកំពុងពិភាក្សា ជាមួយក្រុមហ៊ុន Microsoft ដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញទៅជាអង្គភាព រកប្រាក់ចំណេញបែបប្រពៃណី។ Microsoft ជាដៃគូជិតស្និទ្ធបំផុតរបស់ OpenAI និងជាអ្នកគាំទ្រ ធំជាងគេ ដោយបានវិនិយោគ រាប់ពាន់លានដុល្លារទៅក្នុងក្រុមហ៊ុន ខណៈការពង្រីកហេដ្ឋា រចនាសម្ព័ន្ធ AI របស់ខ្លួន។

នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella បានសម្តែងការព្រួយបារម្ភកាលពីខែមុនថា ភាពជឿនលឿននៃ AI អាចធ្វើឲ្យអាជីវកម្មស្នូលរបស់ Microsoft លែងដំណើរការ ដោយសារក្រុមហ៊ុនបានកាត់បន្ថយការងារជាង ១៥,០០០ រួចហើយនៅឆ្នាំនេះ ដែលជាផ្នែកមួយ នៃការរៀបចំឡើងវិញ ដ៏ទូលំទូលាយ។

OpenAI ត្រូវបាន បង្កើតឡើង ក្នុងឆ្នាំ ២០១៥ ជាមន្ទីរពិសោធន៍ស្រាវជ្រាវ មិនរកប្រាក់កម្រៃ ជាមួយនឹងគោល ដៅក្នុងការអភិវឌ្ឍ AI ដើម្បីផ្តល់ប្រយោជន៍ដល់មនុស្សជាតិទាំងមូល៕

Most Popular

To Top