ថៃ៖នាយកដ្ឋានសត្វព្រៃប្រទេសថៃ បាននិយាយកាលពីថ្ងៃអាទិត្យថា សត្វតោមួយក្បាលដែលចិញ្ចឹមក្នុងផ្ទះឯកជនមួយកន្លែងនៅប្រទេសថៃ ដោយម្ចាស់ផ្ទះខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យសត្វតោនោះមកវាយប្រហារក្មេងប្រុសម្នាក់ដែលកំពុងដើរលើផ្លូវសាធារណៈបង្កឲ្យរងរបួលធ្ងរ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
នាយកដ្ឋានបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា សត្វតោបានវាយប្រហារលើកុមារដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិនស្គាល់អត្តសញ្ញាណ ខណៈកុមារនេះកំពុងដើរលើផ្លូវសាធារណៈកាលពីយប់ថ្ងៃសៅរ៍ក្នុងខេត្ត Kanchanaburi ភាគខាងលិចទីក្រុងបាងកក។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ក្មេងប្រុសនេះកំពុងធ្វើដំណើរទៅផ្ទះពីលេងជាមួយក្មេងៗផ្សេងទៀត នៅពេលដែលសត្វតោដ៏ធំបានវាយប្រហារលើកុមារនោះតែម្តងទៅ។
ម្ចាស់សត្វតោដែលនាយកដ្ឋានសត្វព្រៃកំណត់អត្តសញ្ញាណបានត្រឹមតែឈ្មោះ Parinya ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ការពារសត្វព្រៃ ហើយប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់៦ ខែ និងពិន័យជាប្រាក់ចំនួន ៥០,០០០ បាត (១,៥០០ ដុល្លារអាមេរិក) ប្រសិនបើត្រូវបានផ្តន្ទាទោស។
នាយកដ្ឋានបាននិយាយថា សត្វតោត្រូវបានរឹបអូសដោយអាជ្ញាធរ ដោយបន្ថែមថា មជ្ឈមណ្ឌលបង្កាត់ពូជសត្វព្រៃបានរៀបចំផ្ទះថ្មីមួយសម្រាប់វា។
លោក Parinya បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា លោកមានការភ្ញាក់ផ្អើល នៅពេលលោកបានដឹងពីការវាយប្រហារ ដោយនិយាយថា សត្វតោញីបានដើរចេញក្រៅ បន្ទាប់ពីវាត្រូវបានដកចេញពីទ្រុងរបស់វា ។ លោក បានបន្តថា ខ្ញុំសុំទោសចំពោះអ្វីដែលបានកើតឡើងវាជាឧបទ្ទវហេតុ ហើយលោកនឹងបង់ប្រាក់សំណង និងថ្លៃព្យាបាលក្មេងប្រុសនោះ៕
