ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស ចាប់ក្រុមឧក្រិដ្ឋជនចំនួន ៤៦ នាក់រត់ពន្ធទូរសព្ទ iPhone ៤០,០០០ គ្រឿងទៅប្រទេសចិន

អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសចក្រភពអង់គ្លេស បានបំបែកសម្រុកក្រុម ឧក្រិដ្ឋជនរត់ពន្ធទូរសព្ទដែលលួចបានរហូតដល់ទៅ ៤០,០០០ គ្រឿងទៅកាន់ប្រទេសចិន ដោយបានរកឃើញបណ្តាញ ដែលទទួលខុសត្រូវ ចំពោះផ្នែកដ៏សំខាន់ នៃការលួចទូរសព្ទនៅទីក្រុងឡុងដ៍។

ប៉ូលីសបាននិយាយថា ប្រតិបត្តិការដ៏ធំបំផុត ដែលមិនធ្លាប់មានពីមុនមក ដើម្បីដោះស្រាយការលួចទូរសព្ទ ត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំមុន បន្ទាប់ពីប្រអប់ដែលមាន iPhone ប្រហែល ១,០០០ គ្រឿង ដែលភាគច្រើនត្រូវបានគេលួច ត្រូវបានរកឃើញនៅឃ្លាំង មួយនៅជិតអាកាសយានដ្ឋាន Heathrow ទីក្រុងឡុងដ៍ឆ្ពោះទៅទីក្រុងហុងកុង ។

ប៉ូលីស Metropolitan បាននិយាយថា ប្រតិបត្តិការនេះបានរកឃើញ ក្រុមជនអន្ធពាលអន្តរជាតិ ត្រូវគេជឿថា ជាអ្នកទទួលខុសត្រូវក្នុងការនាំចេញទូរសព្ទ រហូតដល់ ៤០ ភាគរយនៃទូរស័ព្ទទាំងអស់ ដែលត្រូវបានលួចនៅ ក្នុងទីក្រុងឡុងដ៍។ ទូរសព្ទដៃប្រហែល ៨០,000 គ្រឿង ត្រូវបានលួចនៅទីក្រុងឡុងដ៍កាលពីឆ្នាំមុន ដោយភាគច្រើន នៃពួកគេត្រូវបានគេលួច នៅកន្លែងទេសចរណ៍ កណ្តាលទីក្រុងឡុងដ៍។

មនុស្សសរុបចំនួន ៤៦ នាក់ត្រូវបានចាប់ខ្លួន ក្នុងប្រតិបត្តិការនេះ រួមទាំងបុរសពីរនាក់​ ដែលត្រូវបានឃុំខ្លួន នៅទីក្រុងឡុងដ៍ កាលពីខែមុន ពីបទសង្ស័យថាបានលួចទំនិញ បន្ទាប់ពីទូរសព្ទប្រហែល ២,000 គ្រឿងត្រូវបាន រកឃើញក្នុងឡានរបស់ពួកគេ និងអាសយដ្ឋាន ដែលភ្ជាប់ជាមួយពួកគេ។

លោក Mark Gavin អធិការរង បានបន្តថា ក្រុមនេះផ្តោតជាពិសេស ទៅលើផលិតផល Apple ដោយសារតែប្រាក់ ចំណេញរបស់ពួកគេនៅបរទេស ។ យើងបានរកឃើញថាចោរលួចតាមចិញ្ចើមផ្លូវកំពុងត្រូវបានបង់ប្រាក់រហូតដល់ ៣០០ ផោន (៤០៣ ដុល្លារអាមេរិក) ក្នុងមួយទូរស័ព្ទ ហើយបានរកឃើញ ភស្តុតាងនៃឧបករណ៍ ត្រូវបានលក់ក្នុងតម្លៃរហូតដល់ ៥,000 ដុល្លារនៅប្រទេសចិន៕

Most Popular

To Top