វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាជ្ញាធរទីក្រុង Hai Phong ប្រទេសវៀតណាមបានដុតបំផ្លាញភ្លុកដំរីអាហ្វ្រិក ដែលមានទម្ងន់ចំនួន ៦១៥ គីឡូក្រាមនៅថ្ងៃទី ២៣ ខែតុលា បន្ទាប់ពីរឹបអូសបានក្នុងករណីរត់ពន្ធកាលឆ្នាំ ២០២៣ ។
គយកំពង់ផែ Hai Phong និងប៉ូលីសក្រុងបានត្រួតពិនិត្យកុងតឺន័រ គួរឲ្យសង្ស័យចំនួន ២ នៅថ្ងៃទី ២ និង៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ហើយបានរកឃើញភ្លុកដំរី លាក់ទុកក្នុងចំណោមស្នែង គោអាហ្វ្រិកជាង ៣០ តោន។ ការធ្វើតេស្តកោសល្យវិច្ច័យក្រោយមកបានបញ្ជាក់ថា ភ្លុកដំរីទាំងនោះមកពី Loxodonta africana ជាប្រភេទដំរីអាហ្វ្រិកដែលត្រូវបានការពារក្រោមឧបសម្ព័ន្ធទី ១ នៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិ លើប្រភេទសត្វ និងរុក្ខជាតិព្រៃជិតផុតពូជ (CITES) ។
នាខែកក្កដា ឆ្នាំ ២០២៤ តុលាការប្រជាជនទីក្រុង Hai Phong បានកាត់ទោសលោក Hoang Van Hao តំណាងផ្នែកច្បាប់របស់ក្រុមហ៊ុន HMD Technical Joint Stock នៅទីក្រុងហាណូយដែលបានរត់ពន្ធភ្លុកដំរីទាំងនោះ ឲ្យជាប់ពន្ធនាគារ ១០ ឆ្នាំ ពីបទរំលោភលើបទប្បញ្ញត្តិស្តីពីការការពារសត្វជិតផុតពូជ និងសត្វកម្រ។ ក្រោយមកទោសនេះត្រូវបានកាត់បន្ថយមកត្រឹម ៨ ឆ្នាំ និង ៦ ខែ នៅពេលប្តឹងឧទ្ធរណ៍។
យោងតាមអង្គការអប់រំសម្រាប់ធម្មជាតិ-វៀតណាម (ENV) បាននិយាយថា ប្រទេសវៀតណាមបានឃើញការកើនឡើងនៃឧក្រិដ្ឋកម្មទាក់ទងនឹងភ្លុកដំរី ដោយមានករណីចំនួន ២,០៣៧ ករណីពាក់ព័ន្ធនឹងការរំលោភបំពានជិត ៤,៩០០ ករណីត្រូវបានកត់ត្រាទុករវាងឆ្នាំ២០១៩ និង២០២៣ ដែលច្រើនជាងទ្វេដងនៃចំនួននេះពីរយៈពេល ៥ ឆ្នាំមុន ៕
