អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Indian Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនលក់តាមអនឡាញយក្សអាមេរិក Amazon កំពុងរៀបចំកាត់បន្ថយបុគ្គលិក ចំនួន ៣០,០០០ នាក់ ដែលអាចជាការកាត់បន្ថយទំហំសាជីវកម្ម ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ចំពោះការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីនិន្នាការឧស្សាហកម្មកាន់តែទូលំទូលាយ នៃការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដោយ AI និងការកាត់បន្ថយថ្លៃដើម។
ទោះបីជាឧស្សាហកម្មបច្ចេកវិទ្យា នៅតែបន្តស្ថិតនៅក្រោមការបញ្ឈប់បុគ្គលិក ដែលមិនធ្លាប់មានពីមុនមកក៏ដោយ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្ស Amazon ហាក់ដូចជាមិនមានការរារាំង ក្នុងការប្រកាសពីការបញ្ឈប់បុគ្គលិកដ៏ធំបំផុត របស់ខ្លួនក្នុងប្រវត្តិសាស្ត្រក្រុមហ៊ុន។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះទំនងជានឹងចាប់ផ្តើមការបញ្ឈប់ បុគ្គលិកថ្មីចាប់ផ្តើមនៅថ្ងៃអង្គារ ហើយវាត្រូវបានគេរាយការណ៍ថា ជាការកាត់បន្ថយកម្លាំងពលកម្មសាជីវកម្មដ៏ធំបំផុតរបស់ខ្លួន ។ បើត្រឡប់ទៅឆ្នាំ ២០២២វិញ ក្រុមហ៊ុនបានប្រកាសពីការ កាត់បន្ថយការងារស្រដៀងគ្នា នាំឲ្យបុគ្គលិកជាង ២៧,០០០ នាក់របស់ខ្លួនបាត់បង់ការងារ។
យោងតាមរបាយការណ៍មួយ CNBC បានឲ្យដឹងថា ក្រុមហ៊ុននឹងជូនដំណឹងដល់បុគ្គលិករបស់ខ្លួនអំពីការបញ្ឈប់បុគ្គលិកតាមរយៈអ៊ីម៉ែលនៅព្រឹកថ្ងៃអង្គារ ហើយក្រុមហ៊ុនកំពុងមានគម្រោង បញ្ឈប់បុគ្គលិកប្រហែល ៣០,០០០ នាក់នៅទូទាំងផ្នែកសាជីវកម្ម។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានសេចក្តីថ្លែងការណ៍ ជាផ្លូវការពី Amazon នៅឡើយទេ ៕
