ព័ត៌មានអន្តរជាតិ

លោក ពូទីន អះអាបថា រុស្ស៊ីទទួលជោគជ័យការសាកល្បងយានក្រោមទឹកគ្មានមនុស្សបើក Poseidon

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានឲ្យដឹងថា ប្រទេសរបស់លោកបានសាកល្បងយានក្រោមទឹកគ្មានមនុស្សបើក Poseidon ដែលដើរដោយថាមពលនុយក្លេអ៊ែរដោយជោគជ័យ។

លោក ពូទីន បានឲ្យដឹងក្នុងអំឡុងពេលទស្សនកិច្ចនៅមន្ទីរពេទ្យយោធាមួយក្នុងទីក្រុងមូស្គូថា “ជាលើកដំបូង យើងទទួលបានជោគជ័យមិនត្រឹមតែក្នុងការបាញ់បង្ហោះវាចេញពីនាវាមុជទឹកដោយប្រើម៉ាស៊ីនជំរុញរបស់វាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការធ្វើឱ្យប្រព័ន្ធរុញច្រាននុយក្លេអ៊ែររបស់វាសកម្មផងដែរ ដែលបានផ្តល់ថាមពលដល់យានជំនិះក្នុងរយៈពេលជាក់លាក់មួយ”។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា យាន Poseidon តំណាងឱ្យបច្ចេកវិទ្យាថ្មីទាំងស្រុង ហើយនេះ គឺជាជំហានថ្មីមួយក្នុងការធានាសន្តិសុខរបស់រុស្ស៊ី ដោយបន្ថែមថា បច្ចេកវិទ្យាទាំងនេះអាចត្រូវបានអនុវត្ត ចំពោះសេដ្ឋកិច្ចរបស់ប្រទេសសម្រាប់គោលបំណងសន្តិភាព។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ការធ្វើតេស្តទាំងនេះត្រូវបានធ្វើឡើងស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីទាំងអស់៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top