ទីក្រុងតេអេរ៉ង់៖ទីភ្នាក់ងារសារព័ត៌មាន Mehr បានរាយការណ៍កាលពីថ្ងៃពុធថា ក្រសួងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) របស់ប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមការចរចា ជាមួយក្រុមហ៊ុនបណ្តាញ សង្គមយក្សរុស្ស៊ី Telegram និងវេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមផ្សេងទៀត ក្នុងគោលបំណងធ្វើឲ្យពួកគេ គោរពតាមលក្ខខណ្ឌ របស់ទីក្រុងតេអេរ៉ង់ និងដោះសោអ្នកនាំសារ យោងតាមការ ចេញផ្សាយពីគេហទំព័រ RT ។
ទីភ្នាក់ងារនេះ បានបន្តថា ទីក្រុងតេអេរ៉ង់ នឹងឈប់រារាំងអ្នកនាំសារ ប្រសិនបើពួកគេចាត់វិធានការ ដើម្បីបំពេញជំហានមួយ ចំនួន ដែលបាន កំណត់ដោយដំណោះស្រាយក្រុមប្រឹក្សាជាន់ខ្ពស់ អ៊ីរ៉ង់ស្តីពីលំហអ៊ីនធឺណិត កាលពីដើមឆ្នាំនេះ។
យោងតាម Mehr បានបញ្ជាក់ថា លក្ខខណ្ឌទាំងនោះរួមមានការអនុលោម តាមតម្រូវការសន្តិសុខជាតិរបស់អ៊ីរ៉ង់ ការរក្សាអធិបតេយ្យភាពរបស់ខ្លួន ការពង្រឹងនីតិរដ្ឋ និងមិនធ្វើឲ្យប៉ះពាល់ដល់វេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងស្រុក។
នេះបើយោងតាមការបន្ថែមថា សេចក្តីសម្រេចនេះក៏បានកំណត់យន្តការ មួយសម្រាប់សមាជិកមួយចំនួន នៃអង្គការឃ្លាំមើលលំហអ៊ីនធឺណិត ដើម្បីដឹកនាំការចរចា ដោយការទទួលខុសត្រូវចម្បង សម្រាប់ការចរចាស្ថិត នៅក្រោមក្រសួង ICT របស់អ៊ីរ៉ង់
ទីក្រុងតេអេរ៉ង់បានហាមឃាត់ Telegram និងអ្នកនាំសារមួយចំនួនផ្សេងទៀតក្នុងឆ្នាំ ២០១៨ ដោយអះអាងថា ពួកគេត្រូវបានប្រើប្រាស់ដោយក្រុមប្រឆាំងរដ្ឋាភិបាល ដើម្បីញុះញង់អំពើហិង្សា និងគំរាមកំហែងដល់សន្តិសុខជាតិ ចំពេលមានភាពចលាចលយ៉ាងទូលំទូលាយ ។
ទោះបីជាត្រូវបានហាមឃាត់ជាផ្លូវការ ក៏ដោយ Telegram និងកម្មវិធីប្រព័ន្ធផ្សព្វផ្សាយ សង្គមបរទេសផ្សេងទៀត នៅតែមានប្រជាប្រិយភាពក្នុងប្រទេស ដោយអ្នកប្រើប្រាស់ជាច្រើន បានគេចផុតពីការហាមឃាត់ ដោយប្រើប្រាស់បណ្តាញ ឯកជននិម្មិត (VPN)៕
