ម៉ាឡេស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាម៉ូដែលតៃវ៉ាន់ និងជាអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម នាង Iris Hsieh អាយុ ៣១ ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់ក្នុងបន្ទប់សណ្ឋាគារមួយនៅប្រទេសម៉ាឡេស៊ី ដោយមូលហេតុនៃការស្លាប់នៅតែស្ថិតក្រោមការស៊ើបអង្កេត។
យោងតាមសារព័ត៌មានហុងកុង HK01បាននិយាយថា ប៉ូលីសម៉ាឡេស៊ីបានទទួលរបាយការណ៍មួយនៅរសៀលថ្ងៃទី ៣០ ខែតុលា អំពីស្ត្រីតៃវ៉ាន់សន្លប់ម្នាក់ត្រូវបានគេរកឃើញក្នុងបន្ទប់សណ្ឋាគារមួយ។ នៅពេលមន្ត្រីប៉ូលីសបានមកដល់កន្លែងកើតហេតុ ពួកគេបានរកឃើញនាងដេកក្នុងអាងងូតទឹក រុំដោយកន្សែងពណ៌ស បានស្លាប់ទៅហើយ។ ប៉ូលីសបានរកឃើញថ្នាំគ្រាប់ពណ៌ខៀវចំនួន ៩ គ្រាប់នៅក្បែរនោះ ត្រូវបានគេសង្ស័យថា ជាគ្រឿងញៀន និងសារធាតុរំញោចផ្លូវភេទ។

ការស៊ើបអង្កេតបឋមបានបង្ហាញថា មិនមានរបួសដែលអាចមើលឃើញនៅលើរាងកាយទេ ហើយមូលហេតុនៃការស្លាប់របស់នាង Iris Hsieh មិនត្រូវបានគេដឹងនោះទេ។ សាកសពរបស់នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទូទៅទីក្រុងគូឡាឡាំពួរដើម្បីធ្វើកោសល្យវិច្ច័យ។ អាជ្ញាធរកំពុងស៊ើបអង្កេតករណីនេះថាជាការស្លាប់ភ្លាមៗដែលអាចកើតមានដោយរង់ចាំលទ្ធផលកោសល្យវិច្ច័យ។
HK01 បាននិយាយថា តារាចម្រៀងម៉ាឡេស៊ី លោក Namewee អាយុ ៤២ ឆ្នាំ បាននៅកន្លែងកើតហេតុ នៅពេលហេតុការណ៍នេះបានកើតឡើង។ លោកបានប្រាប់ប៉ូលីសថា លោកបានរួមភេទជាមួយនាង Iris Hsieh មុនថ្ងៃនោះ។ ក្រោយមកនាង Hsieh បានទៅបន្ទប់ទឹក ប៉ុន្តែលោកមិនបានឮសំឡេងទឹកហូរទេ។ ពេលលោកពិនិត្យមើល នាងសន្លប់ក្នុងអាងងូតទឹក ហើយលោកបានធ្វើ CPR។
ប៉ូលីសបានចាប់ខ្លួន លោក Namewee ពីបទកាន់កាប់ និងប្រើប្រាស់គ្រឿងញៀន ក្រោមច្បាប់គ្រឿងញៀនគ្រោះថ្នាក់ឆ្នាំ ១៩៥២។ ក្រោយមកលោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។ អ្នកស៊ើបអង្កេតសង្ស័យថា លោក Namewee និងនាង Hsieh បានប្រើប្រាស់គ្រឿងញៀន និងបានរួមភេទមុនពេលនាងស្លាប់។ ករណីនេះត្រូវបានគ្រោងនឹងបើកសវនាការនៅថ្ងៃទី ៨ ខែធ្នូ៕
