ចិន៖ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា ប្រទេសចិនបានកាត់ទោសប្រហារជីវិតមនុស្ស ៥ នាក់កាលពីថ្ងៃអង្គារ ពីបទជាប់ពាក់ព័ន្ធរបស់ពួកគេក្នុងក្រុមចោរប្លន់ដ៏ហិង្សាមួយក្រុម ដែលមានប្រតិបត្តិការក្លែងបន្លំនៅតំបន់ Kokang របស់ប្រទេសមីយ៉ាន់ម៉ាស្ថិតនៅតាមបណ្តោយព្រំដែន យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
ក្រុមចោរប្លន់បានរីកចម្រើនក្នុងតំបន់ព្រំដែនគ្មានច្បាប់របស់ប្រទេសមីយ៉ាន់ម៉ា ដែលពួកគេជាជនបរទេស ភាគច្រើនជាជនជាតិចិន ពួកគេត្រូវបានជួញដូរ និងបង្ខំឲ្យបោកប្រាស់មនុស្សតាមអ៊ីនធើណេត ជាផ្នែកមួយនៃឧស្សាហកម្មខុសច្បាប់រាប់ពាន់លានដុល្លារ។
ទីក្រុងប៉េកាំងបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីបង្ក្រាបក្រុមចោរប្លន់ទាំងនោះ ហើយមនុស្សរាប់ពាន់នាក់ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសចិនវិញ។
នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការស៊ីនហួ ដោយដកស្រង់សម្តីតុលាការមួយនៅទីក្រុងសិនជិនភាគខាងត្បូងថា ឧក្រិដ្ឋកម្មរបស់មនុស្សទាំង ៥ នាក់ ត្រូវបានកាត់ទោសកាលពីថ្ងៃអង្គារ បាននាំឲ្យមានការស្លាប់របស់ជនជាតិចិន ៦ នាក់ ការធ្វើអត្តឃាតរបស់ជនជាតិចិនម្នាក់ និងរបួសដល់មនុស្សជាច្រើននាក់ទៀត ។
ស៊ីនហួរ បាននិយាយថា ឧក្រិដ្ឋជនទាំងនោះត្រូវបានគេរកឃើញថាបានសាងសង់អគារចំនួន ៤១ ក្នុងតំបន់ Kokang ដោយបន្ថែមថា សកម្មភាពរបស់ពួកគេរួមមានការក្លែងបន្លំទូរគមនាគមន៍ ការដំណើរការកន្លែងលេងល្បែង ការសម្លាប់មនុស្សដោយចេតនា ការរៀបចំ និងការបង្ខិតបង្ខំពេស្យាចារ (និង) ការរៀបចំអ្នកដទៃឲ្យឆ្លងកាត់ព្រំដែនជាតិដោយខុសច្បាប់។
តុលាការ Shenzhen ក៏បានកាត់ទោសប្រហារជីវិតជនជាប់ចោទ ២ នាក់ផ្សេងទៀតជាមួយនឹងការលើកលែងទោសរយៈពេល២ឆ្នាំ សាលក្រមដែលជារឿយៗនាំឲ្យមានការជាប់ពន្ធនាគារអស់មួយជីវិត។ ជនជាប់ចោទប្រាំនាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ខណៈការកាត់ទោសចាប់ពី ៣ ឆ្នាំដល់ ២០ ឆ្នាំសម្រាប់ ៩ នាក់ផ្សេងទៀត។
កាលពីខែមេសា អង្គការសហប្រជាជាតិបានព្រមានថា ក្រុមក្មេងទំនើងចិន និងអាស៊ីអាគ្នេយ៍កំពុងរកប្រាក់ចំណូលរាប់សិបពាន់លានដុល្លារក្នុងមួយឆ្នាំតាមរយៈមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធើណេត។
នេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្មថា ឧស្សាហកម្មនេះកំពុងរីករាលដាលដល់អាមេរិកខាងត្បូង អាហ្វ្រិក មជ្ឈិមបូព៌ា អឺរ៉ុប និងកោះប៉ាស៊ីហ្វិកមួយចំនួន ៕
