ព័ត៌មានអន្តរជាតិ

អាមេរិក​ នឹងកាត់បន្ថយចរាចរណ៍ផ្លូវអាកាស ១០ ភាគរយនៅទីតាំងចំនួន ៤០ ក្នុងអំឡុងពេលបិទ រដ្ឋាភិបាលរយៈពេលយូរ

វ៉ាស៊ីនតោន៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក (FAA) នឹងកាត់បន្ថយចរាចរណ៍ផ្លូវអាកាស ១០ ភាគរយនៅទីតាំងចំនួន ៤០ ចាប់ផ្តើមនៅថ្ងៃសុក្រ ខណៈដែលការបិទរដ្ឋាភិបាល សហព័ន្ធដែលកំពុងបន្ត បានក្លាយជាការបិទយូរបំផុត ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក នេះបើយោងតាមលោក Sean Duffy រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ។

លោក Duffy បានេីកឡេីងថា “យើងកំពុងព្យាយាមពឹង ផ្អែកលើការពិតដែលថា នៅពេលដែលយើងឃើញ សម្ពាធកើនឡើងនៅក្នុងទីផ្សារទាំង ៤០ នេះ យើងមិនអាចមិនអើពើនឹងវាបានទេ ហើយយើងនឹងមិនរង់ចាំបញ្ហាសុវត្ថិភាព​ ដើម្បីបង្ហាញឱ្យឃើញពិត ប្រាកដនោះទេ នៅពេល ដែលសូចនាករដំបូងកំពុងប្រាប់យើងថា យើងអាចចាត់វិធានការ នៅថ្ងៃនេះ ដើម្បីការពារកុំឱ្យអ្វីៗកាន់តែយ៉ាប់យ៉ឺន”។

លោក​បាន​ឧ្យដឹងនៅក្នុង​សន្និសីទ​សារព័ត៌មាន ​រួមគ្នា​ជាមួយ​លោក Bryan Bedford អ្នកគ្រប់គ្រង FAA ថា “ខ្ញុំគិតថាវានឹងនាំ ឱ្យមានការលុបចោល កាន់តែច្រើន ដែលយើងនឹងធ្វើ ការជាមួយក្រុមហ៊ុន អាកាសចរណ៍ ដើម្បីធ្វើរឿងនេះតាមរបៀបជាប្រព័ន្ធ”។

លោក Bedford បានបន្ដថា ការកាត់បន្ថយសមត្ថភាពហោះហើរ តាមកាលវិភាគ ១០ ភាគរយនឹងសមស្របដើម្បី “បន្តកាត់បន្ថយសម្ពាធ ពីអ្នកត្រួតពិនិត្យ (ចរាចរណ៍ផ្លូវអាកាស) របស់យើង ហើយនៅពេលដែលយើងបន្តឃើញកត្តា ជំរុញបុគ្គលិក នឹងមានវិធានការបន្ថែម ដែលនឹងត្រូវអនុវត្ត នៅក្នុងទីផ្សារជាក់លាក់ទាំងនោះ”៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top